អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ស្តាប់​ការណែនាំ របស់​ក្រសួងសុខាភិបាល​

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត ថែរក្សា​សុខភាព​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវ​រក្សា​អនាម័យ​អោយបាន​ខ្ពស់​និង​រក្សា​គម្លាត​ពីគ្នា​។​

​ការអំពាវនាវ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រមុខ​ដឹក​រាជរដ្ឋាភិបាល ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​ខ្លួនឯង​ប្រមាណ​ជាង​៣០០​នាក់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ប្រយោល “​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​” ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ខ្លួនឯង ក្រុមគ្រួសារ និង​អ្នកដទៃ​ផងដែរ ហើយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ផងដែរ គឺ​យើង​បានបញ្ចប់​នូវ​មន្ទិលសង្ស័យ​របស់ខ្លួន ដែល​មិន​ច្បាស់​ថា​ខ្លួន​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឬក៏​អត់ ហើយ​បើទោះបីជា​ដឹងថា​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ គឺ​យើង​មិនបាន​ចម្លង​ទៅ​អ្នកដទៃ​ជាងនេះទៀត​ក៏​នៅមាន​ក្រុមគ្រូពេទ្យ​នៅចាំ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​បំផុត​។​

​គួរ​បញ្ជាក់ថា អំណោយ​ជា​ស្បៀងអាហារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ដែល​បាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ​៣៣១​នាក់​ក្នុង ម្នាក់ៗ​ទទួលបាន​អង្ករ​ចំនួន​១០​គីឡូក្រាម និង​សាច់ជ្រូក​ចំនួន​២​គីឡូក្រាម​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close