សេដ្ឋី​ជប៉ុន​គ្រោង ជិះ​យានអវកាស​ទៅ​លែង​ឋាន​ព្រះ​ច័ន្ទ​

​សារព័ត៌មាន CNA នៅ​ថ្ងៃទី ៣​ខែមីនា បាន​ផ្សាយ​ថា គម្រោង​ដំណើរ​កម្សាន្ត​ទៅ​លែង​នៅ​ជុំវិញ​ឋាន​ព្រះ​ច័ន្ទ បានចាប់ផ្តើម​ហើយ ដោយ​នៅពេលនេះ មហាសេដ្ឋី​ជប៉ុន ស្វែងរក មនុស្ស​៨​នាក់ ដើម្បី​ជិះ​យានអវកាស​ជាមួយ​លោក​។​

​លោក Yusaku Maezawa មហាសេដ្ឋី​ជប៉ុន នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បានចាប់ផ្តើម​កម្មវិធី​ស្វែងរក​បុគ្គល​សរុប​ចំនួន ០៨​នាក់ ដែល​នឹងត្រូវ​ចូលរួម​ជាមួយ​លោក ក្នុងការ​ធ្វើដំណើរ​លក្ខ​ណៈ​ឯកជន ជា​លើកដំបូង​បំផុត​ឆ្ពោះទៅ​ជុំវិញ​ឋាន​ព្រះ​ច័ន្ទ តាមរយៈ​យានអវកាស​ក្រុមហ៊ុន​អាមេរិក SpaceX​។​

​ដំណាក់កាល​ដំបូង​នៃ​ការដាក់​ពាក្យ​ចូលរួម ក្នុងការ​ធ្វើដំណើរ​ដ៏​អស្ចារ្យ​ខាងលើ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៣ មាន​រយៈពេល រហូតដល់​ថ្ងៃទី​១៤ ខែមីនា​នេះ ខណៈ​លោក Maezawa គឺជា​អ្នករ៉ាប់រង​ទាំងអស់ សម្រាប់​ការធ្វើដំណើរ​លើ​នាវា​អវកាស Starship របស់ SpaceX​។ ទោះបីជា​យាន​គំរូ Starship ចំនួន ០២​គ្រឿង បាន​ផ្ទុះ​ឆេះ​កំឡុង​ការធ្វើ​តេស្ត​កន្លងទៅនេះ​ក៏ដោយ ស្ថាបនិក​ក្រុមហ៊ុន SpaceX គឺ​មហាសេដ្ឋី​អាមេរិក​លោក អ៉ី​ឡុ​ន ម៉ា​សក៍ (Elon Musk) នៅតែមាន​ការជឿជាក់​ខ្ពស់​ថា ការអភិវឌ្ឍ​របស់​វា​នឹង​ទទួលបាន​ជោគជ័យ​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​ជិះ​យានអវកាស​ទៅធ្វើ​ដំណើរ​ជុំវិញ​ព្រះ​ច័ន្ទ​នេះ លោក Maezawa ក៏​ធ្លាប់បាន​បង្កើត​កម្មវិធី​មួយ ក្នុង​គោលដៅ​ស្វែងរក​មិត្តស្រី​ថ្មី​ម្នាក់ ដើម្បី​ចូលរួម​ជាមួយ​លោក​ផងដែរ ប៉ុន្តែ​លោក​បានសម្រេច​លុបចោល​វិញ ដោយ​លើក​ហេតុផល​ថា លោក​មិន​ច្បាស់​ក្នុង​ចិត្ត​ជុំវិញ​ការស្វែងរក​មិត្តស្រី​នេះ​។​

​គួរបញ្ជាក់​តាម​ការលើក​ឡើង​របស់លោក Elon Musk ថា បេសកកម្ម​ដែល​នឹងត្រូវ​ចំណាយ​ដោយ មហាសេដ្ឋី​ជប៉ុន Maezawa នឹង​អាច​ឲ្យ​មនុស្ស​ធ្វើដំណើរ ទៅកាន់​រយៈ​ចម្ងាយ​ថ្មី​មួយទៀត ដែល​មនុស្ស​មិន​ធ្លាប់បាន​ទៅដល់​។ មហាសេដ្ឋី​ជប៉ុន Maezawa មាន​ភាពល្បីល្បាញ​ខ្លាំង​ទៅលើ​ផ្នែក​សិល្បៈ និង​ការប្រមូលផ្តុំ​រថយន្ត​ទំនើបៗ ជាពិសេស​គឺ​ទៅលើ​កម្ម​វិធីចែក​សាច់ប្រាក់ ដែល​បានធ្វើ​ឲ្យ​លោក​ក្លាយជា​បុគ្គល ដែលមាន​អ្នក Follow ច្រើន​បំផុត​ក្នុង​បណ្តាញ​សង្គម Twitter នៅ​ប្រទេស​ជប៉ុន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close