ស្ថានភាព​មី​យ៉ាន​ម៉ា កាន់តែ​អាក្រក់ ក្រោយ​ក្រុម​សហជីព ស្នើ​ពលករ​ឈប់​ធ្វើការ​ប្រឆាំង​យោធា​

ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា​កាន់​តេ​តានតឹង បន្ទាប់ពី​កម្លាំង​ប៉ូលិស រាប់រយ​នាក់​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ​ចំណែក ។ នៅពេលនេះ ក្រុម​សហជីព​បាន​អំពាវនាវ​ដល់ក​ម្មករ​ឈប់​ធ្វើការ បិទ​សេដ្ឋកិច្ច​ប្រឆាំង​យោធា​។​

​ក្រុម​សហជីព​កម្មករ ធំ​បំផុត​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា បាន​អំពាវនាវ​ឲ្យ​បិទទ្វារ​សេដ្ឋកិច្ច​ប្រទេស​នេះ ចាប់ពី​ថ្ងៃទី ៨​ខែមីនា ដើម្បី​ប្រឆាំង​ការដឹកនាំ​ប្រទេស​ដោយ​កម្លាំងយោធា ក្រោយ​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី ១​ខែកុម្ភៈ​ឆ្នាំ​២០២១​។​

​នៅក្នុង​សេចក្តីប្រកាស តំណាង​សហជីព​ចំនួន​៩​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា អំពាវនាវ​នាវ​ដល់​ព​ល​រដ្ឋ​ទាំងអស់​ឈប់​ធ្វើការ​ដើម្បី ប្រឆាំង​យោធា ទាមទារ​ឲ្យ​យោធា បោះបង់​អំណាច​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ប្រទេសជាតិ​ប្រកបដោយ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​វិញ ។​

​នៅក្នុង​សេចក្តីប្រកាស​របស់ តំណាង​សហជីព​ទាំង​៩​ក្នុងប្រទេស​មី​យ៉ាន​ម៉ា បាន​បញ្ជាក់ថា​«​បើ​នៅតែ​បន្តសកម្មភាព​អាជីវកម្ម និង​ដំណើរការ​សេដ្ឋកិច្ច​ធម្មតា​វិញ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​យោធា​ដែល​កំណត់​តែ​ដណ្តើម​កាន់អំណាច​តែប៉ុណ្ណោះ ខណៈ​យោធា​កំពុងតែ ដាក់​គំនាប់​ទៅលើ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​។ ដល់ពេល​ដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ​សកម្មភាព ដើម្បី​ការពារ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​យើង​។ យើង​សូម​អំពាវនាវ​ឲ្យ​បិទទ្វារ​សេដ្ឋកិច្ច​រយៈពេល​យូ​ប្រឆាំង​របប​យោធា »​។​

​ការអំពាវនាវ​របស់​ក្រុម​សហជីព ក្រោយពេល មាន​ពលរដ្ឋ​មី​យ៉ាន​ម៉ា រាប់សិប​ពាន់​នាក់​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​យោធា កាលពី​ថ្ងៃទី​៧​ខែមីនា ដែលជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​។​

​កាលពី​ថ្ងៃទី ៧​ខែមីនា យោធា​មី​យ៉ាន​ម៉ា បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់​បែកផ្សែង​ដើម្បី​បំបែកហ្វូង​បាតុករ នៅ​ទីក្រុង Mandalay ដែលជា​ទីក្រុង​ធំ​ទី​ពីរ​នៅ​មី​យ៉ាន​ម៉ា ។ ក្រៅពីនេះ​នៅមាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ចំនួន​៦​ផ្សេងទៀត​ក្នុងប្រទេស​នេះ​។ ក្រុមបាតុករ​បាន​ស្រែក​ពាក្យស្លោក​ថា «​សូម​ផ្តល់​សិទ្ធិសេរីភាព ដល់​មេដឹកនាំ​ដែល​មហាជណ​បាន​បោះឆ្នោត​ជ្រើសតាំង​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close