ក្រសួងទេសចរណ៍ នឹងចាត់វិធានការចំពោះបុគ្គលណា មិនអនុវត្តវិធានការរបស់សុខាភិបាល
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីណែនាំ ចំពោះបុគ្គលមិនអនុវត្តវិធានការរបស់សុខាភិបាល និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជងឺកូវីដ១៩។
ក្រសួង បានបញ្ជាក់ទៀតថា ដើម្បីប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ សូមណែនាំដល់ ម្ចាស់ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ឱ្យបានជ្រាបអំពីការអនុវត្តវិធានការបន្ថែមចំពោះបុគ្គលជាភ្ញៀវទេសចរ និងទីតាំងអាជីវកម្មទេសចរណ៍ ដែលមិនសហការតាមការណែនាំនូវវិធានការមួយចំនួន ដូចខាងក្រោម៖
១. ចំពោះភ្ញៀវទេសចរជាជនបរទេស ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ស្របតាមខ្លឹមសារមាត្រា៥០ និងមាត្រា៦៨ នៃច្បាប់ស្តីពីទេសចរណ៍ បានចែងថា “ទេសចរ ឬអ្នកដំណើរកម្សាន្តដែលប្រព្រឹត្តល្មើសនឹងមាត្រា៥០ នៃច្បាប់នេះ អាចត្រូវលុបចោលទិដ្ឋាការទេសចរណ៍ ហើយបណ្ដេញចេញ ឬហាមឃាត់វត្តមានក្នុងតំបន់គោលដៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកំណត់ណាមួយដែលមិនលើសពី ០៥ (ប្រាំ) ឆ្នាំ ឬជាអចិន្ត្រៃយ៍”។
២. ចំពោះភ្ញៀវទេសចរជាជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់
៣. ចំពោះទីតាំងអាជីវកម្មទេសចរណ៍ ត្រូវដកហូតអាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្មក្នុងទីតាំងស្របតាមខ្លឹមសារមាត្រា៤៤ និងមាត្រា៤៨ នៃច្បាប់ស្តីពីទេសចរណ៍។
រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិដាក់ចេញនូវវិធានការអនុវត្តខាងលើនេះចំពោះមូលដ្ឋានអាជីវកម្មទាំងឡាយដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។ ក្រសួង សូមម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ រៀបចំ និងអនុវត្តតាមការណែនាំប្រកបដោយស្មារតីទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។