រដ្ឋបាល​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​បងប្អូន​កុំ​ភ្ជាប់​បណ្តាញ​បង្ហូរទឹក​កខ្វក់ ដែល​ខុស​លក្ខណៈ​បច្ចេកទេស​

​ខេត្តសៀមរាប​៖ គិត​ត្រឹម​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ ចុង​សប្តាហ៍​នេះ ក្រុម​ស្ថាបនា​ផ្លូវ​ទាំង ៣៨​ខ្សែ និង​បណ្តាញ​លូ​ទាំង ៤២​ខ្សែ ដែល​ស្ថិត​នៅក្រៅ​ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ កំពុង​មមាញឹក​ព​ន្លឿ​ន​ការ​ស្ថាប​ឲ្យ​បាន​រួចរាល់​តាម​ផែនការ​គ្រោងទុក​។

​បច្ចុប្បន្ន​ក្រុម​ស្ថាបនា កំពុង​រៀបចំ​បណ្តាញ​លូបង្ហូរទឹក​ភ្លៀង ទឹក​កខ្វក់ តែ​ជាមួយគ្នានេះ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច បានចាប់ផ្តើម​ភ្ជាប់​បណ្តាញ​បង្ហូរទឹក​ចេញពី​លំនៅដ្ឋាន ឬ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន ដោយ​មិនបាន​ដាក់ពាក្យ​ស្នើសុំ​ភ្ជាប់​បណ្តាញ​បង្ហូរទឹក​កខ្វក់ និង​ធ្វើការ​ភ្ជាប់​ដោយ​ខ្លួនឯង​ខុស​លក្ខណៈ​បច្ចេកទេស រហូតដល់​ខូច​បណ្តាញ​លូ​ថែម​ទៀតផង​។​

​ដូចនេះ ដើម្បី​ជៀសវាង​ការ​ខាត​ថវិកា​ដែល​រៀបចំ​ដោយ​ខុស​លក្ខណៈ​បច្ចេកទេស និង​បង្ករ​ការខូចខាត​ដល់​បណ្តាញ​លូ​ទាំងនេះ ព្រមទាំង​អាច​ទទួលរង​ពិន័យ​ជា​សំណង​ការខូចខាត​ផង​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ​រង់ចាំ​ក្រុមបច្ចេកទេស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ជម្រាបជូន​ពី​នីតិវិធី​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត និង​មានការ​អត់ធ្មត់​ខ្ពស់​ចំពោះ​ការលំបាក​ក្នុង​រយៈពេល​នៃ​ដំណើរ​ការសាងសង់​នេះ ព្រោះថា​នេះ​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់​ថវិកា​ប្រមាណ​ជាង​១៥០​លាន​ដុល្លារ​លើ​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ បណ្តាញ​លូ​បន្ថែម​៤២​ខ្សែ និង​ការកែលម្អ​សោភ័ណភាព​ដងស្ទឹង​សៀមរាប​ពី​ស្ពាន​នាគ ដល់​ស្ពាន​សាលា​បច្ចេកទេស​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close