កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៤៩​នាក់ មាន​៤៨​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​មាន​ជាសះស្បើយ ២១​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​៤៩​នាក់ ក្នុងនោះ​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ចំនួន​៤៨​នាក់ និង​អ្នកជំងឺ​ម្នាក់ ជា​ករណី​ធ្វើដំណើរ​មកពី​បរទេស ខណៈ​អ្នកជា​សះស្បើយ​២១​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នកជំងឺ​ឆ្លង​ក្នុង​សហគមន៍​៤៨​នាក់ នោះ​មាន​ជនជាតិ​ចិន ២៨​នាក់​, ជនជាតិខ្មែរ ១៩​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​។ ចំណែក​ករណី​នាំចូល​វិញ គឺជា​បុរស​ជនជាតិ​លី​ប៊ី ធ្វើដំណើរ​មកពី​ប្រទេស​លី​ប៊ី មកដល់​កម្ពុជា នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង​២១​នាក់​វិញ គឺមាន​ម្នាក់​ជា​ជនជាតិ​ស្វី​ស ដែល​ធ្វើដំណើរ​មកពី​ក្រៅប្រទេស និង​២០​នាក់​ផ្សេងទៀត គឺជា​អ្នកជំងឺ​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» ។​

​សូមជម្រាបថា គិត​ត្រឹម​រសៀល ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១០៦០​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៥៣៨​នាក់ និង​អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន ៥២១​នាក់​។ សម្រាប់​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ៥៤៩​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close