ព្រឹត្តិការណ៍​សហគមន៍​ឆ្លង ៦៤​នាក់​ទៀត និង​មាន​ជាសះស្បើយ ១១​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ​ថា គេ​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ចំនួន​៦៤​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​១១​នាក់ បានជា​សះស្បើយ​។​

​ក្រសួង​ថា ក្នុងចំណោម​អ្នកជំងឺ​ទាំង​៦៤​នាក់ មាន​ជនជាតិខ្មែរ ៣៩​នាក់​, ជនជាតិ​ចិន​ចំនួន​២៣​នាក់ និង​ជនជាតិ​វៀតណាម​២​នាក់ ដែល​អ្នកជំងឺ​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល​, ខេត្ត​ព្រះសីហនុ​, ខេត្តសៀមរាប និង​ខេត្តព្រៃវែង​។​

​ចំណែក​អ្នកជា​សះស្បើយ​ទាំង​១១​នាក់​វិញ គឺជា​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ ដែល​ឆ្លង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១១២៤​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន ៥៤៩​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៥៧៤​នាក់​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close