ផ្អាក​រាល់​កម្មវិធី​នានា ជា​បណ្តោះអាសន្ន នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​

​ខេត្តកំពង់ស្ពឺ​៖ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង នៅ​ថ្ងៃទី​១០ ខែមីនា​នេះ បានចេញ​លិខិត​មួយច្បាប់ ទៅ​អភិបាលក្រុង​-​ស្រុក​ទាំង​៧ ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កម្មវិធី​អាពាហ៍ពិពាហ៍ ពិធីជប់លៀង និង​ពិធី​ជួបជុំ​ផ្សេងៗ​នៅ​ទូទាំង​ខេត្ត​។​

​ការចេញលិខិត​នេះ ដោយសារតែ​ស្ថានភាព​បច្ចុប្បន្ន​ជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃទី​២០ ខែកុម្ភៈ បាននិងកំពុង​រីក​រា​ល​ដាល​ក្នុង​សហគមន៍​គួរឱ្យ​ព្រួយបារម្ភ​។ ដូចនេះ ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ លោក​អភិបាលខេត្ត បាន​ប្រាប់​ឱ្យ​អភិបាលក្រុង​-​ស្រុក ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ភូមិ ឃុំ សង្កាត់ ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កម្មវិធី​អាពាហ៍ពិពាហ៍ ពិធីជប់លៀង និង​ពិធី​ជួបជុំ​ផ្សេងៗ ដែលមាន​មនុស្ស​ចូលរួម​ច្រើន ចាប់ពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ ៣​កុំ និង​៣​ការពារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close