តៃវ៉ាន់ ជ្រើសរើស ទាហាន​បន្ថែម ក្រោយ​អាមេរិក​ប្រកាសថា​កោះ​តៃវ៉ាន់​នឹងរង​ការវាយប្រហារ​នៅ​ឆ្នាំ​

​មេទ័ព​កំពូល​ម្នាក់​នៃ​សហរដ្ឋអាមេរិក​បាន​អះអាងថា យ៉ាងហោចណាស់ ០៦​ឆ្នាំ​ទៀត (​ឆ្នាំ​២០២៧) ចិន​អាច​នឹង​វាយប្រហារ​កោះ​តៃវ៉ាន់ ដែល​ជំហាន​បែបនេះ គឺ​ស្ថិតនៅក្នុង​គោលដៅ ធ្វើ​ឲ្យ​អំណាច​យោធា​អាមេរិក នៅ​អាស៊ី​ចុះ​ទន់ខ្សោយ​។​ ​សារព័ត៌មាន Taiwan News បាន​ផ្សាយ​ថា ក្រសួងការពារជាតិ​តៃវ៉ាន់ នៅ​ថ្ងៃទី​៩​ខែមីនា បានប្រកាស​គម្រោង​ជ្រើសរើស​កម្លាំង​ទាហាន​បន្ថែម​១៨០០០​នាក់ នៅក្នុង​ឆ្នាំ​២០២១ ដើម្បី​បង្កើន​សមត្ថភាព​ការពារ ទប់ស្កាត់​ការវាយប្រហារ​ពី​ប្រទេស​ចិន​។​

​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី ៣​ខែមីនា ឧ​ត្ត​ម​សេនីយ៍ Xia De Yu បាន​ឲ្យ​ដឹងថា កម្លាំង​ទាហាន​កោះ​តៃវ៉ាន់ នឹង​ជ្រើសរើស​ទាហាន​បន្ថែម​១៨២៩៤​នាក់​ទៀត​សម្រាប់​ឆ្នាំ​២០២១ ។ ទាហាន​ថ្មី​នឹងត្រូវ​បណ្តុះបណ្តាល​ដើម្បី​បម្រើការ​នៅ​ស្ថាប័ន​ចំនួន​៩​ផ្សេងគ្នា ។​ ​លោក Xia បាន​បន្តទៀតថា ការជ្រើសរើស​ទាហាន​ឆ្នាំនេះ​មាន​ច្រើនជាង​ឆ្នាំ​២០២០ ។ ដើម្បី កាត់បន្ថយ​ការជះឥទ្ធិពល​ដោយសារតែ​ចំនួន​ទារក​កើត​តិច​នៅលើ​កោះ​នេះ កោះ​តៃវ៉ាន់ បានសម្រេច​ជ្រើសរើស​សិស្ស​ដែល​ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ និង​ក្រុមនិស្សិត ។​

ទំនាក់ទំនង​រវាង​កោះ​តៃវ៉ាន់ និ​ង ចិនដីគោក​កាន់តែ​តានតឹង​ក្រោយ​លោកស្រី Tsai Ing-wen ឡើងកាន់តំណែង​ប្រ​ធានា​ធិ​បី​កាលពី​ឆ្នាំ​២០១៦ ។​ ​ការជ្រើសរើស​កម្លាំង​ទ​ហាន​កើតឡើង​ក្រោយ លោក​ឧ​ត្ត​មនា​វី ហ្វី​លី​ព ដេវីដ​សុន (Philip Davidson) មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ព្រួយបារម្ភ​ថា​ពួកគេ (​ចិន​) កំពុងតែ​បង្កើន​មហិច្ឆតា ដើម្បី​ចូលមក​ជំនួស​សហរដ្ឋអាមេរិក និង​ភាពជា​អ្នកដឹកនាំ​របស់​យើង នៅក្នុង​ការអនុវត្ត​ច្បាប់ និង​រក្សា​សណ្តាប់​ធ្លាប់​អន្តរជាតិ​… គឺ​នៅ​ឆ្នាំ​២០៥០…»​។​

​លោក ហ្វី​លី​ព ដេវីដ​សុន បាន​សង្កត់ធ្ងន់​ប្រាប់​គណៈកម្មាធិការ​មួយ នៃ​ព្រឹទ្ធសភា​អាមេរិក​ថា «​កោះ​តៃវ៉ាន់ គឺ​ពិតណាស់ថា ស្ថិតនៅ​ក្នុងចំណោម​មហិច្ឆតា​មួយ​របស់​ពួកគេ​។ ខ្ញុំ​គិតថា ការគំរាមកំហែង​នឹង​អាច​កើតឡើង នៅក្នុង​ទសវត្សរ៍​នេះ​… ហើយ​អ្វី​ដែលជា​ការពិត​… គឺ​យ៉ាងហោចណាស់​នៅ​រយៈពេល ០៦​ឆ្នាំ​ខាងមុខ​»​។​

​គួរ​បញ្ជាក់ថា កោះ​តៃវ៉ាន់​បាន​ផ្តាច់ខ្លួន​ចេញពី​ចិន ក្រោយ​សង្គ្រាមស៊ីវិល​មួយ​បាន​បិទ​បញ្ចប់ កាលពី​ឆ្នាំ​១៩៤៩​។ ដោយឡែក​ទីក្រុង​វ៉ាស៊ីនតោន បាន​លែង​ទទួលស្គាល់​កោះ​តៃវ៉ាន់ ហើយ​ងាក​មក​ទទួលស្គាល់ «​នយោបាយ​ចិន​តែមួយ​» វិញ​នៅ​ឆ្នាំ​១៩៧៩ ដែល​ប្រការនេះ គឺ​ស្មើនឹង​ការ​ទទួលស្គាល់ថា តៃវ៉ាន់​ត្រឹមតែ​ជា​ខេត្ត​មួយ របស់​ប្រទេស​ចិន​ប៉ុណ្ណោះ​។​

​ចំពោះ​ការលើកឡើង​ពី​សំណាក់ មេ​ទ័ពជើងទឹក​អាមេរិក​ថា ចិន​នឹង​វាយប្រហារ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​២០២៧​នោះ គេ​នៅ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ណាមួយ ពី​សំណាក់​ចិន​នៅឡើយ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close