Google គ្រោងត្រួតពិនិត្យឡើងវិញ ជុំវិញការផ្សាយពាណិជ្ជកម្ម គាំទ្រដោយយោធាមីយ៉ាន់ម៉ា
អាមេរិក៖ ក្រុមហ៊ុន Google ប្រកាសនឹងត្រួតពិនិត្យឡើងវិញនូវដំណើរការផ្សាយពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនទូរគមនាគមន៍ ដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ា និងបានបញ្ឈប់ដំណើរការគណនីមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងយោធានៅលើសេវាកម្មរបស់ខ្លួន ក្រោយមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។
អ្នកនាំពាក្យក្រុមហ៊ុន Google បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា យើងបានចាត់វិធានការប្រឆាំងនឹងគណនីនៅលើទម្រង់របស់យើង ក្នុងនោះរួមទាំងការបញ្ឈប់គណនីនៅលើសេវាកម្ម Google និងបិទឆានែល YouTube មួយចំនួន និងវីដេអូដែលពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា ហើយថា អាទិភាពរបស់យើង គឺជួយប្រជាជនមីយ៉ាន់ម៉ាចូលទៅកាន់ព័ត៌មាន និងទំនាក់ទំនងគ្នាដោយសុវត្ថិភាព។
ការប្រកាសខាងលើនេះរបស់ Google បានធ្វើឡើងចំពេលដែលក្រុមសកម្មជនបានអំពាវនាវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកនេះ ធ្វើការរឹតត្បិតការចូលប្រើប្រាស់សេវាកម្មរបស់ខ្លួន បន្ទាប់ពីមានមនុស្សរាប់សិបនាក់បានស្លាប់ ក្រោយពីការតវ៉ាអស់ជាច្រើនសប្តាហ៍ ប្រឆាំងនឹងការធ្វើរដ្ឋប្រហារយកអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។