កម្លាំងយោធា​ចោទប្រកាន់​លោកស្រី អោ​ង​សាន​ស៊ូ​ជី​ពីបទ​ពុករលួយ​

​កម្លាំងយោធា​មី​យ៉ាន​ម៉ា បាន​ចោទប្រកាន់ លោកស្រី អោ​ង​សាន ស៊ូ​ជី ទទួលរង​ការចោទប្រកាន់​បន្ថែម ពីបទ​ទទួល​សំណូក ជា​ទឹកប្រាក់​៦​សែន​ដុល្លារ ។ តាម​សារព័ត៌មាន​រ៉​យ​ទ័​រ លោក Zaw Min Tun អ្នកនាំពាក្យ​កម្លាំង​ទាហាន បានបញ្ជាក់ ពី​ព័ត៌មាន​ថា​លោកស្រី​ស៊ូ​ជី​បានទទួល​សំណូក​ពេល​នៅ​កាន់តំណែង​។ ក្រៅពី​ទឹកប្រាក់ ៦​សែន​ដុល្លារ នៅ​ទទួលបាន​មាស​ចំនួន​១១,២ គីឡូក្រាម​ទៀតផង​។ ពេលនេះ​ក្រុមប្រឆាំង​អំពើពុករលួយ​កំពុងបើក​ការស្រាវជ្រាវ​ករណី​ខាងលើ​។​

​នៅ​ថ្ងៃ​ទិ​១១​ខែមីនា ពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ធ្វើបាតុកម្ម ប្រឆាំង​រដ្ឋា​ភី​បាល យោធា​ដដែល​។ នៅថ្ងៃនេះ មាន​បាតុករ​ដល់​ទៅ ៧​នាក់​បាន​ស្លាប់​។ ចំណែក លោកស្រី អោ​ង​សាន ស៊ូ​ជី​វិញ រង​ការចោទប្រកាន់​ថ្មី​ទៀត​ពី​កម្លាំងយោធា ថា​បានទទួល​សំណូក ជា​ទឹកប្រាក់ ៦​សែន​ដុល្លារ​។​

​បុរស​ម្នាក់​ដែល​ជួយ​ដឹក​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ បាន​និយាយ​ទៅកាន់​សារព័ត៌មាន​រ៉​យ​ទ័​រថា នៅក្នុង​ស្រុក Myaing ភាគ​កណ្តាល​នៃ​ប្រទេស​មី​យ៉ាន​ម៉ា មាន​បាតុករ​៦​នាក់​ស្លាប់ ក្នុងពេល​កម្លាំង​សន្តិសុខ​បំបែកហ្វូង​បាតុករ​ដោយ​ប្រើ​ហិង្សា ។ បុរស​វ័យ​៣១​ឆ្នាំ​បាន​បញ្ជាក់ថា «​យើងខ្ញុំ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី តែ​កម្លាំងយោធា​បាន​ប្រើ​ហិង្សា​មកលើ​ពួកយើង​»​។​

​ក្រៅពីនេះ​នៅ​តំបន់ North Dagon ក្នុង​ទីក្រុង Yangon ជាទី​ក្រុង​សេដ្ឋកិច្ច​ធំ​បំផុត​របស់​មី​យ៉ាន​ម៉ា ក៏មាន​បាតុករ​ម្នាក់​ស្លាប់ ផងដែរ​។ គិត​មកដល់​ថ្ងៃទី​១១​ខែមីនា មាន​អ្នកស្លាប់​ជាង ៦០​នាក់​ហយ និង​បាតុករ​ជាង​២​ពាន់​នាក់​ត្រូវ​យោធា​ចាប់ឃុំខ្លួន​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​។​

​អ្នកនាំពាក្យ​កម្លាំង​ទាហាន​មី​យ៉ាន​ម៉ា បាន​បដិសេធ ឆ្លើយ​រាល់​សំណួរ​ពី​ក្រុម​អ្នកសារព័ត៌មាន ហើយ​បញ្ជាក់ថា​ថ្នាក់ដឹកនាំ​យោធា នឹងធ្វើ​សន្និសីទកាសែត​នៅ​រដ្ឋធានី​ណៃ​ពិដោ នា​ល្ងាច​ថ្ងៃទី​១១​ខែមីនា​។​នៅ​ពេលយប់​ពលរដ្ឋ​ក៏បាន​រៀបចំ​ពិធីបួងសួង​នៅតាម​ផ្លូវ ក្នុង​ទីក្រុង យ៉ាន​ហ្គ​ន់ និង​ណៃ​ពិដោ ដោយបាន​ដុត​ទៀត ជាច្រើន ដើម្បី​បន់ស្រន់​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close