ឯកឧត្តម ថោង ខុន ឧបត្ថម្ភ​ថវិកា​ជាង ២​ម៉ឺន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តកំពង់ធំ​

​ខេត្តកំពង់ធំ​៖ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​រៀបចំ និង​គ្រប់គ្រង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​មូលដ្ឋាន​ខេត្តកំពង់ធំ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​នាំយក​ថវិកា​មួយចំនួន​ប្រគល់ជូន​រដ្ឋបាល​ខេត្តកំពង់ធំ ក៏ដូចជា​រដ្ឋបាល​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ពលករ​ដែល​មកពី​ប្រទេស​ថៃ​។​

​ការប្រគល់​ទទួល​ថវិកា​ឧបត្ថម្ភ​នេះ​ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ដោយ​ដំបូង​ឡើយ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន រួមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងទេសចរណ៍ បាន​នាំ​ថវិកា​ប្រគល់ជូន​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​វិទ្យាល័យ ហ៊ុន សែន ទ្រៀល​។

​គួរ​បញ្ជាក់ថា ថវិកា​ដែល​ប្រគល់ជូន​រដ្ឋបាល​ខេត្តកំពង់ធំ មាន​ចំនួន ១០,០០០ ដុល្លារ ដែលជា​ថវិកា​ឧបត្ថម្ភ​របស់​ឯកឧត្តម​ផ្ទាល់ និង​ថវិកា​ចំនួន ១១,៧៥០​ដុល្លារ ប្រគល់ជូន​ដ្ឋ​បាល​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close