អាជ្ញាធរ​ខេត្ដ​សៀមរាប សម្រេច​បន្ថែម​សាលារៀន ១៦​ទៀត សម្រាប់​ធ្វើជា​កន្លែង​ធ្វើ​ច​ត្ដា​ឡី​ស័ក​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ខេត្ដ​សៀមរាប សម្រេច​បន្ថែម​សាលារៀន​ចំនួន ១៦​ថែមទៀត សម្រាប់​ធ្វើជា​កន្លែង​ធ្វើ​ច​ត្ដា​ឡី​ស័ក ដែល​សរុប​ទាំងអស់​នៅ​ទូទាំង​ខេត្ដ​សៀមរាប មាន​ប្រមាណ​ជិត ២០​សាលារៀន​ហើយ ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ដែល​បាន​ដឹក​មកពី​កន្លែង​ច​ត្ដា​ឡី​ស័ក​នៅតាម​ព្រំដែន​ខ្មែរ​ថៃ តាម​ការប្រកាស​របស់​រាជរដ្ឋាភិបាល ដែល​តម្រូវអោយ​ពលរដ្ឋ​មក​ធ្វើ​ច​ត្ដា​ឡី​ស័ក​នៅក្នុង​មូលដ្ឋាន​ដែល​ពួកគាត់​រស់នៅ ចំណែកឯ​ការសិក្សា​រប​ស់​សិស្ស​វិញ ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​សិក្សា​នៅ​សាលារៀន​ក្បែៗ​នោះ ដោយ​ត្រូវ​សិក្សា​មាន​បី​ពេល​ក្នុង​មួយ​សប្ដាហ៍​។ នេះ​បើតាម​លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ដ​សៀមរាប​។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ខេត្ដ​សៀមរាប បានទទួល​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​មកពី​ថៃ​ថ្មីៗ និង​ពលករ​ដែល​បានធ្វើ​ច​ត្ដា​ឡី​ស័ក​នៅ​ខេត្ត​តាម​ព្រំដែន​ខ្មែរ​ថៃ ដូចជា​ខេត្ដ​បន្ទាយមានជ័យ , ខេត្តបាត់ដំបង ខេត្ដ​ប៉ៃលិន និង​ខេត្ដ​ឧត្ដរមានជ័យ ប្រមាណ​ជាង​៨​រយ​នាក់​ហើយ ក្នុងចំណោម​ពលករ​ប្រមាណ​២​ពាន់​ដែល​បានធ្វើ​ច​ត្ដា​ឡី​ស័ក​នៅតាម​ព្រំដែន​កម្ពុជា​ថៃ នៃ​ខេត្ដ​ទាំងនោះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ហើយ​ពលករ​ដែល​ផ្ទេរ​ចេញពី​កន្លែង​ច​ត្ដា​ឡី​ស័ក​តាម​ព្រំដែន​នេះ ភាគ​ច្រើ​បានធ្វើ​តេស​លើក​ទី​២​រួចហើយ ហើយ​ដឹក​មកដល់​ខេត្ដ​សៀមរាប នឹងត្រូវ​ពិនិត្យ​សុខភាព​ម្ដងទៀត ទើប​បញ្ជូន​ពួកគាត់​ទៅតាម​បណ្ដា​ស្រុក​មូលដ្ឋាន​ដែល​ពួកគាត់​រស់នៅ​។​

​សូមជម្រាបថា ការដឹកជញ្ជូន​ពលក​រ​ចេញពី​កន្លែង​ច​ត្ដា​ឡី​ស័ក ពី​ខេត្ដ​នៅតាម​ព្រំដែន​ខ្មែរ​ថៃ ទៅកាន់​ខេត្ដ​សា​ម៉ី​នេះ ធ្វើឡើង​តាម​ប្រកាស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​បានសម្រេច​បិទ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន សម្រាប់​អ្នក​ដែលមាន​សុខភាព​ធម្មតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close