ដំ​ណឺង​ល្អ​! កម្ពុជា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ រហូតដល់ ៨៣​នាក់ ខណៈ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ២០​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​២០​នាក់ ក្នុងនោះ​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ១៨​នាក់ និង​២​នាក់​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​អ្នកជំងឺ​ចំនួន​៨៣ នាក់​ជាសះស្បើយ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ទាំង​២០​នាក់ ក្នុងនោះ​ករណី​សហគមន៍ ១៨​នាក់ មាន​ជនជាតិខ្មែរ​១៧​នាក់ និង​ជនជាតិ​វៀតណាម ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​អ្នក​ឆ្លង​កូ​វីដ​១៩ ២​នាក់​ទៀត ដែលជា​ករណី​នាំចូល គឺជា​ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ជនជាតិខ្មែរ​ម្នាក់ ដែល​មកពី​ប្រទេស​សិង្ហ​បុរី​។​

​សម្រាប់​អ្នកជា​សះស្បើយ​ចំនួន ៨៣​នាក់​វិញ រួមមាន​៖ អ្នកដំណើរ​មកពី​ក្រៅប្រទេស​ចំនួន​១១​នាក់ និង​អ្នក​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០​កុម្ភៈ ចំនួន​៧២​នាក់ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​២​លើក និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១៣២៥​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៧៣០​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៥៩២​នាក់​, ស្លាប់​ដោយសារ​កូ​វីដ​១៩​ម្នាក់ និង​ពីរ​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩​។ សម្រាប់​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ៨១០​នាក់​ហើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close