យោធាមីយ៉ាន់ម៉ា ចេញច្បាប់អាជ្ញាសឹក ក្នុងទីក្រុង Yangon ខណៈមនុស្ស ១៨នាក់ បានស្លាប់ ក្នុងបាតុកម្ម
មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ បានដាក់ចេញច្បាប់អាជ្ញាសឹកនៅទីក្រុងយ៉ាងហ្គោន ក្រោយក្រុមបាតុករយ៉ាងតិច១៨ នាក់បានបាត់បង់ជីវិត នៅក្នុងបាតុកម្មតវ៉ាដ៏បង្ហូរឈាមចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ បានប្រកាសនៅល្ងាចថ្ងៃអាទិត្យម្សិលមិញថា សង្កាត់ ហ្លាំងថាយ៉ា ដ៏ធំរបស់ទីក្រុងយ៉ាងហោ្គន និងសង្កាត់ ស្វេបយីថា ដែលនៅជិតនោះ នឹងត្រូវដាក់នៅក្រោមច្បាប់អាជ្ញាសឹក ។ សង្កាត់ធំៗ និងក្រីក្រទាំងពីរនេះត្រូវបានគេស្គាល់ថា ជាមណ្ឌលរោងចក្រ និងជាកន្លែងរោងចក្រកាត់ដេរ។
សូមជម្រាបថា អំពើហិង្សានៅថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើឱ្យចំនួនមនុស្ស ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាទ្រង់ទ្រាយធំ ចាប់តាំងពីមេដឹកនាំយោធាបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី ពីអំណាច កើនឡើងប្រមាណ១០០នាក់ហើយ បើទោះបីជាសកម្មជន និងក្រុមសិទ្ធិមនុស្សជឿថា វាអាចខ្ពស់ជាងនេះក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។