ផ្លូវជាតិលេខ៣ ជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជា
ភ្នំពេញ៖ បើតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៨២៦គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ(ភ្នំពេញ) ទៅបែកគូស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ ២គន្លងមក) ខណ្ឌដោយសួនច្បារកណ្ដាលទ្រូងផ្លូវ។ ដំណាក់កាលទី២ ពីបែកគូសទៅក្រុងកំពត ប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ ចែកជា២គន្លង (១គន្លងទៅ ១គន្លងមក)។
គម្រោងនេះ ចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) និងប្រើរយៈពេល៤៨ខែ។
សូមជម្រាបថា ផ្លូវជាតិលេខ៣ ត្រូវបានបើកការដ្ឋាននាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គបហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគ្រោងនឹងបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២១ ពោលគឺផ្លូវនេះ បានបញ្ចប់មុនមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។