កម្ពុជា ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មីរហូតដល់ ១០៥​នាក់ និង​មាន​អ្នកជា​សះស្បើយ ៨៨​នាក់​បន្ថែមទៀត

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ១០៥​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ តែ​ក៏មាន​អ្នកជំងឺ​ជាសះស្បើយ ៨៨​នាក់​ផងដែរ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ទាំង ១០៥​នាក់​នោះ មាន​ជនជាតិខ្មែរ ៣៥​នាក់ ជនជាតិ​ចិន ៥០​នាក់ ជនជាតិ​ថៃ ៨​នាក់ ជនជាតិ​វៀតណាម ១១​នាក់ និង​ជនជាតិម៉ាឡេស៊ី​ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២៩​នាក់​, ខេត្តកណ្ដាល ៦៤​នាក់​, ខេត្ត​ព្រះសីហនុ ៨​នាក់​, ខេត្តកោះកុង ៣​នាក់ និង​ខេត្តព្រៃវែង​ម្នាក់​។​

​សម្រាប់​អ្នកជា​សះស្បើយ​ចំនួន ៨៨​នាក់​វិញ អ្នក​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០​កុម្ភៈ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១ ៤៣០​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៨១៨​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦០៩​នាក់​, ស្លាប់​ដោយសារ​កូ​វីដ​១៩​ម្នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩​។ សម្រាប់​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ៩១៥​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close