ចៅក្រម​ខេត្តបាត់ដំបង សម្រេច​ឃុំខ្លួន​យុវជន​២​ក្រុម ករណី​បង្ក​ហិង្សា​ក្រោយ​ឌឺដង​ដាក់គ្នា តាម​បណ្តាញ​សង្គម​Tik Tok

​ខេត្តបាត់ដំបង​៖ នៅ​ទីបំផុត​! ក្រុមយុវជន​ចំនួន ២​ក្រុម មាន​គ្នា​១៥​នាក់ ដែលជា​អ្នកលេង​បណ្តាញ​សង្គម​Tik tok ដៀមដាម​ឌឺដង​ដាក់គ្នា​រហូត​ឈានទៅ​បង្ក​ជា​ហិង្សា​ដោយ​អាវុធ​នៅលើ​ដងផ្លូវ និង​ត្រូវបាន​នគរបាល​បង្ក្រាប កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ កន្លង​ទៅនោះ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការខេត្ត​បាត់ដំបង​ហើយ​។

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ លោក គី អី​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង បានសម្រេច​ធ្វើការ​ចោទប្រកាន់​យុវជន​ទាំង ១៥​នាក់​នោះ តាម​មាត្រា​៤១១ ក្រម​ព្រហ្ម​ទ័​ណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តបាត់ដំបង ដើម្បី​រង់ចាំ​ការស្រាវជ្រាវ និង​វិនិច្ឆ័យ​ដល់​អង្គសេចក្តី​រួចហើយ​។ ក្រុមយុវជន​ទាំងនេះ នឹង​ទទួលរង​នូវ​ទោស​ជាប់ពន្ធនាគារ​មាន​រយៈពេល​ពីរ ២​ឆ្នាំ ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល​ទៀតផង​។

​សូម​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ក្រុមយុវជន​ចំនួន​២​ក្រុម ដែលមាន​ឈ្មោះ​ក្នុង​បណ្តាញ​សង្គម​Tik tok ថា Boy Ser និង​Boy Loy បាន​បើក​ការប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​ដោយមាន​អាវុធ (​កាំបិត និង​ដុំថ្ម​) នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បង្កឱ្យមាន​ការ​ផ្ញា​ក់​ផ្អើល​ពី​មហាជន​នៅ​មូលដ្ឋាន​នោះ​។

​មូលហេតុ​ឈានដល់​ហិង្សា​ដោយ​អាវុធ​នេះ​គឺ​នៅ ក្រោយពី​យុវជន​ទាំងពីរ​ក្រុម​នេះ បង្ហាញ​ចេតនា​ឌឺដង​និង​ដៀ​ម​ដាន​ដាក់គ្នា​មួយរយៈ​កន្លងមក​តាម​បណ្តាញ​សង្គម​ខាងលើ ដែល​ករណី​ហិង្សា​នេះ​បាន​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​(​ម៉ូតូ​)​តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​ត្បិត​ពេលនោះ​ក្រុម​ម្ខាង​ទៀត​បាន​រត់គេចខ្លួន​ផុត​តែ​បន្តិច​ប៉ុណ្ណោះ​។

​ក្រោយ​កើតហេតុ​មួយថ្ងៃ​ត្រូវ​កម្លាំង​នគរបាល​បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ពួកគេ​ចំនួន​២ ក្រុម​មាន​គ្នា​ចំនួន ១៥​នាក់ គឺ​ក្រុម Boy Srer​ចំនួន ៨​នាក់ នឹង​ក្រុម Boy Loy ចំនួន ៧​នាក់​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close