ថ្ងៃនេះ​! កម្ពុជា រកឃើញ​ករណី​ឆ្លង​សហគមន៍​ថ្មី ៧៥​នាក់​ថែមទៀត ខណៈ​មាន​អ្នកជា​ពីជំងឺ ២២​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៧៥​នាក់​ថែមទៀត សុទ្ធសឹង​ជា​ករណី​សហគមន៍​ក្នុង «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ខណៈ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ២២​នាក់​។​

ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ទាំង ៧៥​នាក់​នោះ មាន​ជនជាតិខ្មែរ ៧០នាក់ និងជនជាតិ​ចិន ៥​នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តតាកែវ​។​

​សម្រាប់​អ្នកជា​សះស្បើយ​ចំនួន ២២នាក់​វិញ ជាអ្នក​ឆ្លង​ក្នុង​សហគមន៍​ ២១នាក់ និងម្នាក់ទៀត ជាបុរសជនជាតិខ្មែរ បម្រើការងារជាកងទ័ពមួខខៀវ UN ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១ ៥០៥​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៨៤០​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៦២នាក់​, ស្លាប់​ដោយសារ​កូ​វីដ​១៩​ម្នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩​។ សម្រាប់​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ៩៩០នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close