ឯកឧត្តម សាយ សំ​អាល់ ចូមរួមកិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ប្រតិបត្តិ​លើក​ទី​២ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រោម​ការគាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា​ដំណាក់កាល​ទី​៣ «CCCA3» បានរៀបចំ​កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល​ប្រតិបត្តិ​លើក​ទី​២ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​កម្មវិធី CCCA3 ដោយមាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល​ប្រតិបត្តិ តំណាង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​រ៉ែ និង​ថាមពល និង​ដៃគូ​អភិវឌ្ឍន៍​រួមមាន​៖ សហភាព​អឺរ៉ុប​(EU) និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ស្ថានទូត​ស៊ុយអែត (Sweden) ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ផងដែរ​។​

​ថ្លែង​ក្នុង​កិច្ច​ចាប់ផ្ដើម​បើក​អង្គប្រជុំ ឯកឧត្តម សាយ សំ​អាល់ មានប្រសាសន៍ថា ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​កំពុងតែ​ប្រឈម​នឹង​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​ក្រោម​ការដឹកនាំ​យ៉ាង​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល កម្ពុជា​បាន និង​កំពុងតែ​គ្រប់គ្រង​ស្ថានការណ៍ និង​ហានិភ័យ​នៃ​ការ​រាតត្បាត​ជំងឺ​នេះ​លើ​សុខភាព​របស់​ប្រជាជន​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​ការ​ព​ន្លឿ​ន​ចាក់​វ៉ាក់សាំង​ជូន​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទៅ​។ ​ជំងឺ​កូ​វីដ​១៩ បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​យើង​គួរ​ចងចាំ​ថា​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​បង្ក​ហានិភ័យ​កាន់តែ​ខ្លាំងក្លា និង​យូរអង្វែង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ផែនការអភិវឌ្ឍន៍​រប​ស់​ប្រទេស​។

​ឯកឧត្តម បាន​បន្ថែមទៀតថា នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​ដែល​យើង​ត្រូវ​គិតគូរ​អំពី​មាគ៌ា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែលមាន​ភាព​ធន់​ទៅនឹង​ផលប៉ះពាល់​ពី​កត្តា​ខាងក្រៅ ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ហានិភ័យ​ចំពោះ​សុខភាព​ផ្សេងៗ​ទៀត​។ ​កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​សមិទ្ធផល​ការងារ​សម្រេចបាន​សំខាន់ៗ​ក្នុង​ឆ្នាំ​២០២០ និង​បានអនុម័ត​លើ​ផែនការ​សកម្មភាព​សម្រាប់​ទិសដៅ​បន្ត ឆ្នាំ​២០២១ និង​២០២២​។ ​កិច្ចប្រជុំ​ក៏បាន​បង្ហាញ​អំពី​ផែនការ​និង​ដំណើរ​ការរៀបចំ​ផែនការ​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​នៅ​កម្ពុជា ដំណើរ​ការរៀបចំ​ប្រព័ន្ធ​ការវាស់វែង ការរាយការណ៍ និង​ការផ្ទៀងផ្ទាត់​ដែលមាន​នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាព (NDC)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close