ថ្ងៃនេះ រកឃើញ​ករណី​ឆ្លង​ថ្មី ៣៦​នាក់​ទៀត ខណៈ​មាន​អ្នកជា​ពី​ជំងឺ​កូ​វីដ​រហូតដល់ ៥៨​នាក់​

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៣៦​នាក់​ថែមទៀត ខណៈ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៥៨​នាក់​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ទាំង ៣៦​នាក់​នោះ មាន ៣៥​នាក់ ជា​ករណី​សហគមន៍​ក្នុង «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» និង​ម្នាក់ទៀត ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។ ក្នុងចំណោម អ្នក​ឆ្លង​ក្នុង​សហគមន៍ គឺមាន ជនជាតិខ្មែរ ជនជាតិ​ចិន និង​វៀតណាម ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។​

​ចំណែក​អ្នកជា​សះស្បើយ​ចំនួន ៥៨​នាក់​វិញ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ៥៤​នាក់ និង​៤​នាក់​ទៀត ជា​អ្នកដំណើរ​មកពី​ក្រៅប្រទេស ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១ ៥៤១​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៨៩៨​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៤០​នាក់​, ស្លាប់​ដោយសារ​កូ​វីដ​១៩​ម្នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩​។ សម្រាប់​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ១ ០២៥​នាក់​ហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close