អាមេរិក គ្រោងផ្តល់វ៉ាក់សាំងកូវីដ១៩ Pfizer ៣០លានដូស ដល់វៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNexpress បានចេញផ្សាយ នៅថ្ងៃទី១៨ មីនា ២០២១នេះថា ក្រុមហ៊ុនអាមេរិក Pfizer ប្រហែលជាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០លានដូស ដល់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២១នេះ ខណៈដែលការចរចារវាងភាគីទាំងពីរកំពុងបន្តដំណើរការ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម Nguyen Thanh Long កាលពីម្សិលមិញ។
លោករដ្ឋមន្ត្រីបានបន្តថា វៀតណាមក៏នៅតែបន្តចរចាជាមួយបណ្តារោងចក្រ នៅអាមេរិក រុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីអាចទទួលបានវ៉ាក់សាំង សរុប១៥០លានដូស ក្នុងឆ្នាំ២០២១នេះ សម្រាប់ចាក់ជូនពលរដ្ឋ៧០លាននាក់។
ក្រៅពីនាំចូល វៀតណាមក៏កំពុងផលិតវ៉ាក់សាំងដោយខ្លួនឯងដែរ រួមមានវ៉ាក់សាំង Nanocovax, Covivax ជាដើម ដោយវ៉ាក់សាំងទាំងនេះកំពុងសាកល្បងចាក់លើមនុស្សជាបន្តបន្ទាប់ហើយដែរ។
វៀតណាមបានបញ្ជាទិញ ៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស AstraZeneca ហើយបញ្ជូនមកដល់១១៧០០ដូសហើយ កាលពីខែមុន ហើយវៀតណាមនឹងទទួលបានជាង៤លានដូសទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ និងតាមរយៈកុងត្រាផ្សេងៗទៀត នៅខែមេសា ដោយគ្រោងនឹងទទទួលបាន AstraZeneca ៦០លានដូស ក្នុងឆ្នាំ២០២១នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។