អាមេរិក​៖ ពីមុន​រើសអើង​ជនជាតិ​ស្បែក​ខ្មៅ ពេលនេះ​ជនជាតិ​អាស៊ី​វិញ​ម្តង​

​ពលរដ្ឋ​អាស៊ី ដែល​រស់នៅ​អាមេរិក បារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​របស់ខ្លួន ក្រោយ​មាន​ករណី​វាយប្រហារ បាញ់ប្រហារ​ជាច្រើនលើក​មកលើ​ពលរដ្ឋ​អាស៊ី​។ ជាក់ស្តែង​ករណី​បាញ់ប្រហារ​នៅ​ហាង​ម៉ាស្សា បង្កក្តី​បារម្ភ​យ៉ាងខ្លាំង ដល់​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​។​

​បើទោះបី​មិនទាន់​រកឃើញ​មូលហេតុ​ច្បាស់លាស់ ពាក់ព័ន្ធ​ករណី ជនជាតិ​អាស៊ី​៦​នាក់​ស្លាប់ ដោយ​ការបាញ់ប្រហារ​នៅក្នុង​ហាង​ម៉ាស្សា របស់​ជនជាតិ​អាស៊ី នៅ​Georgia បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ដល់​ជនជាតិ​អាស៊ី​រស់នៅ​អាមេរិក​។​

​ករណី​បាញ់ប្រហារ​នៅ​ហាង​ម៉ាស្សា និង​ស្ពា (Spa)​ចំនួន ៣​កន្លែង នៅ​Georgia បណ្តាល​ឲ្យ​មនុស្ស ៨​នាក់​ស្លាប់ ក្នុងនោះ​មាន ៦​នាក់ ជា​ជនជាតិ​អាស៊ី ។ ចាប់តាំងពី​ការផ្ទុះ​កូ​វីដ​១៩ នៅក្នុង​ទឹកដី​អាមេរិក ។ ការរើសអើង​ជាតិ​សាសន៍​ជាមួយ​ជនជាតិ​អាស៊ី ក៏បាន​កើតឡើង ដោយសារតែ មានការ​ចោទប្រកាន់ ថា​កូ​វិដ ១៩ កើតចេញពី​ចិន ។ មិនតែប៉ុណ្ណោះ អតីត​ប្រធានាធិបតី ធ្លាប់​ហៅ វីរុស​កូ​វីដ ១៩ ជា​វីរុស​ចិន​។​

​ការដែល​ពលរដ្ឋ​រង​ការសម្លាប់​នៅក្នុង​រដ្ឋ​Georgia ដូចជា​ការព្រមាន​ដល់​ជនជាតិ​អាស៊ី​ដែល​រស់នៅក្នុង​ទឹកដី​អាមេរិក ។ ពលរដ្ឋ​អាស៊ី កី​ដូចជា​បណ្តា​ហាង ផ្សេងៗ បារម្ភ​យ៉ាងខ្លាំង អំពើហិង្សា​សំដៅ​ទៅលើ​ពលរដ្ឋ​អាស៊ី​។​

​កាលពី​ថ្ងៃទី ១៧ ខែមីនា ក្រសួងការបរទេស​កូរ៉េខាងត្បូង បានប្រកាសថា មាន​ជនរងគ្រោះ​៤​នាក់​ក្នុងចំណោម​អ្នកស្លាប់​គឺជា​ជនជាតិ​កូរ៉េខាងត្បូង ។ ប៉ូលិស​អាមេរិក ក៏បាន​ចាប់ខ្លួន​បុរស​វ័យ​២១​ឆ្នាំឈ្មោះ Robert Aaron Long ។​

​មនុស្ស​ជាច្រើន បង្ហាញ​ពី​ក្តីបារម្ភ​យ៉ាងខ្លាំង ពី​ការរើសអើង​ជាតិ​សាសន៍ សំដៅ​ទៅលើ​ជនជាតិ អាស៊ី ។ ប៉ុន្តែ​កម្លាំង​ប៉ូលិស​Geogia បាន​បញ្ជាក់ថា ជនដៃដល់ បាញ់ប្រហារ​មាន​គោលដៅ​ផ្សេង​មិន​ម៉ែន​ជា ការរើសអើង​ជាតិ​សាសន៍​ឡើយ​។​

​បណ្តា​តំណាងរាស្ត្រ អាមេរិក​មាន​ដើមកំណើត​អាស៊ី បានបង្ហាញ​ក្តីបារម្ភ​ពី​បញ្ហា​ដែល​កំពុងតែ​កើតឡើង នៅក្នុង​ទឹកដី​អាមេរិក នាពេលនេះ ។ បើ​មិនមាន​វិធានការ ទប់ស្កាត់​ទេនោះ ស្ថានភាព​កាន់តែ​អាក​ក្រក់ ការរើសអើង​ជាតិ​សាសន៍ គ្រប់​ដណ្តប់​នៅ​អាមេរិក ហើយ​ពលរដ្ឋ​អាស៊ី នឹង​ក្លាយជា​ជនរងគ្រោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close