បន្ទាប់ពីវ៉ាក់សាំងBioNTech ម៉ាឡេស៊ីបន្តចាក់វ៉ាក់សាំង Sinovac របស់ចិនជូនពលរដ្ឋ
វ៉ាក់សាំងរបស់ ចិន មាន Sinopham និង Sinovac ទទួលបានការប្រើប្រាស់ពីប្រទេសជាច្រើនជុំវិញពិភពលោក ។ នៅពេលនេះដែរ ប្រទេសម៉ាឡេស៊ី ក៏បានចាប់ផ្តើមចាក់ជូនពលរដ្ឋរបស់ខ្លួននៅវ៉ាក់សាំង Sinovac។ វ៉ាក់សាំង Sinovac គឺជាវ៉ាក់សាំង COVID-19 ទី២ សម្រាប់ប្រើក្នុងការចាក់ជូនប្រជាជនរបស់ម៉ាឡេសុី បន្ទាប់ពីវ៉ាក់សាំងដែលត្រូវបានបង្កើតដោយ Pfizer-BioNTech។
នៅថ្ងៃ ទី១៨ ខែមីនានេះ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនរបស់ខ្លួន ដោយប្រើវ៉ាក់សាំងដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinovac។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងច្នៃប្រឌិតរបស់ប្រទេសម៉ាឡេស៊ីលោក Khairy Jamaluddin បានក្លាយជាមនុស្សដំបូងគេដែលទទួលចាក់វ៉ាក់សាំង CoronaVac នៅក្នុងប្រទេសម៉ាឡេស៊ី។
លោក Khairy ដែលជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ម៉ាឡេស៊ីផងនោះ បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីទទួលចាក់វ៉ាក់សាំងនេះរួចថា លោកមានអារម្មណ៍ល្អធម្មតាទេ។រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា វ៉ាក់សាំង Sinovac ត្រូវបានប្រើនៅក្នុងប្រទេសជាច្រើន និងដោយមេដឹកនាំប្រទេសជាច្រើនផងដែរ ក្នុងនោះរួមមានទាំងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan។
លោកបានបន្ថែមថា «នេះបង្ហាញឲ្យឃើញថា ប្រទេសជាច្រើនបានទទួលស្គាល់ពីសុវត្ថិភាព ប្រសិទ្ធភាព និងស្ថេរភាពនៃវ៉ាក់សាំងនេះសម្រាប់ការប្រើប្រាស់ និងផ្តល់ជូនប្រជាជនរបស់ពួកគេ»។ ប្រទេសម៉ាឡេស៊ីបានទទួលបាច់វ៉ាក់សាំង Sinovac ពីប្រទេសចិនកាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីនិយតកររបស់ប្រទេសនេះបានអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងនេះ ដោយមានលក្ខខណ្ឌ។ ការដឹកជញ្ជូនបាច់ផ្សេងទៀតត្រូវបានគេរំពឹងថានឹងទៅដល់នៅចុងខែនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។