រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ

នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីសន្តិសុខមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១  ឯកឧត្តមបានបោះបន្តជូនទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។ ក្រោយមកក៏ទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ដូច្នេះឯកឧត្តមក៏បានណែនាំឱ្យមានការថតវិដេអូខ្លីបបង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវិដេអូខ្លីបដែលភាគីទាំងពីរ(សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។ ទើបឯកឧត្តមបញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ ជាការពិតថាករណីនេះកើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ ដូច្នេះឯកឧត្តមត្រូវពិចារណា និងចាត់ការករណីនេះឱ្យបានហ្មត់ចត់បំផុតដែលមិនអាចឱ្យកើតឡើងនូវអំពើដែលអសីលធម៌បែបនេះបានទេ។

ឯកឧត្តមអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែឯកឧត្តមបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ ឯកឧត្តមអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close