មន្ត្រីបុគ្គលិកស្ថានទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ី បានចាកចេញអស់ហើយ
អគ្គរដ្ឋទូតប្រចាំនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីបាន ចាកចេញពីប្រទេសនេះកាត់ផ្តាច់ទំនាក់ទំនងការទូតរយៈពេលជិត៥០ឆ្នាំកន្លងមក ។ ប្រទេសទាំងពីរបានបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ចាប់ផ្តើមឡើងនៅឆ្នាំ ១៩៧៣ រហូតមកទល់ពេលនេះឆ្នាំ២០២១ ត្រូវបែកបាក់។
មន្ត្រីការទូតកូរ៉េខាងជើងវេចបង្វេចចាកចេញពីម៉ាឡេស៊ី កាត់ផ្តាច់ទំនាក់ទំនងការបរទេស មន្ត្រីការទូតកូរ៉េខាងជើង បានចាកចេញពីស្ថានទូតនៅក្នុងប្រទេសម៉ាឡេស៊ី នាថ្ងៃទី២១ខែមីនា ក្រោយប៉ុន្មានថ្ងៃ ដែលទីក្រុងព្យុងយ៉ាងប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសនេះ ដោយសារតែការធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងទៅកាន់អាមេរិក។
តាមការផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី មានរថយន្តក្រុងដឹកមន្ត្រីនិងបុគ្គលិកកូរ៉េខាងជើង៣៣នាក់ ចាកចេញពីទីក្រុងគូឡាឡំពួរទៅកាន់អាកាសយានដ្ឋាននៅវេលាម៉ោង១១ថ្ងៃត្រង់(ពេលវេលាក្នុងតំបន់)។ ទង់ជាតិកូរ៉េខាងជើងត្រូវបានមន្ត្រីការទូតដាក់ចុះកាលពីយប់ថ្ងៃទី២០ ខែមីនា រៀបចំវិលត្រឡប់ទៅមាតុប្រទេសវិញ។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និឹងម៉ាឡេស៊ី ប្រឈមមុខតានតឹងដាក់គ្នារហូតឈានដល់ការផ្តាច់ទំនាក់ទំនងការទូតកើតឡើងក្រោយ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Yu Song បានថ្កោលទោសយ៉ាងខ្លាំងដល់ម៉ាឡេស៊ីដែលបានធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងទៅកាន់អាមេរិក កាលពីសប្តាហ៍កន្លងមក។ លោកបន្តទៀតថា សកម្មភាពទាំងនោះគឺជាយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងគោលដៅបំបែកបំបាក់ទំនាក់ទំនង ម៉ាឡេស៊ី និងកូរ៉េខាងជើង។
កាលពីថ្ងៃទី១៩ ខែមីនា ទីក្រុងព្យុងយ៉ាង បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយទីក្រុងគូឡាឡំពួរ ក្រោយពេល ម៉ាឡេស៊ីធ្វើបត្យាប័នជនជាតិកូរ៉េខាងជើង ទៅអាមេរិកដោយចោទប្រកាន់លាងលុយខ្មៅ។ ម៉ាឡេស៊ីក៏បានតបតវិញដោយចេញបញ្ជាឲ្យមន្ត្រីការទូតកូរ៉េខាងជើងចាកចេញពីម៉ាឡេស៊ីក្នុងរយៈពេល ៤៨ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។