ក្រសួងកសិកម្ម ជម្រុញឲ្យវិស័យឯកជនបង្កើនផលិតកម្មសត្វ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប
ភ្នំពេញ៖ អនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការ ជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងរោងចក្រផលិតចំណីសត្វ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ ការប្រើប្រាស់ និងបង្កាត់ពូជសត្វ ការប្រើប្រាស់វត្ថុធាតុ ដើមផលិតក្នុងស្រុក ការប្រើប្រាស់បសុឱសថ ថ្នាំការពារជំងឺឆ្លងសត្វ និងការអនុវត្តវិធានការជីវសុវត្ថិភាពបានល្អក្នុងកសិដ្ឋាន ការផ្សព្វផ្សាយ ឬចែករំលែកចំណេះដឹង បទពិសោធន៍អំពីបច្ចេកទេសចិញ្ចឹមសត្វដល់ដៃគូ ប្រយោជន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត និងចំណី ធានាបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឲ្យស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ។
ក្រុមហ៊ុន ស៊ីភី កម្ពុជា ជាក្រុមហ៊ុននាំមុខធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែលបាននិងកំពុងដំណើរការអាជីវកម្មលើវិស័យផលិតកម្មសត្វ (ជ្រូក និងមាន់) ស៊ុតមាន់ ចំណីសត្វ និងអាហារមនុស្ស (សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ) និងសត្តឃាតដ្ឋានមាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយដាក់ទុនវិនិយោគប្រមាណ ៦៧,៤លានដុល្លារ (នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែមីនា)។
របាយការណ៍នេះ ក៏បានរៀបរាប់យ៉ាងពិស្តារផងដែរថា បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតចំណីសត្វពីរកន្លែង មួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅខេត្តប៉ៃលិន ដែលរោងចក្រទាំងពីរមានសក្តានុពលផលិតចំណីសត្វគ្រប់ប្រភេទ បានចំនួន ៥៥ ០០០តោន/ខែ ដោយប្រើប្រាស់វត្ថុធាតុដើមផលិត ក្នុងស្រុកមានពោតក្រហមចំនួន ២០០ ០០០តោន/ឆ្នាំ និងដំឡូងមីក្រៀមចំនួន ១០០ ០០០តោន/ឆ្នាំ ក្រៅពីនេះ វត្ថុធាតុដើមមួយចំនួនទៀត។ ក្រុមហ៊ុនបានស្នើសុំគោលការណ៍នាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកបំពេញបង្គប់តាមតម្រូវការរបស់រោងចក្រ និងជាពិសេសអតិថិជនដែលជាអ្នកចិញ្ចឹមសត្វ ម្ចាស់ដេប៉ូចំណីសត្វ ដៃគូ និងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ផងដែរ។ ក្រៅពីផលិតកម្មចំណីសត្វ ក្រុមហ៊ុនមានចិញ្ចឹមមាន់ពូជយកពងភ្ញាស់យកកូនបានចំនួន ៧០០ ០០០ក្បាល/សប្តាហ៍ ផលិតកូនជ្រូកពូជបានចំនួន ២០ ០០០ក្បាល/សប្តាហ៍។
ដើម្បីបំពេញឲ្យសេចក្តីត្រូវការសាច់មាន់ និងផលិតផលសាច់ ក្រុមហ៊ុនបានបង្កើតសត្តឃាតដ្ឋានមាន់មួយកន្លែង ដែលអាចពិឃាតមាន់សាច់បានចំនួន ១០ ០០០ក្បាល/ថ្ងៃ មួយផ្នែកលក់ជាសាច់មាន់ស្រស់ និងមួយផ្នែកទៀតលក់ជាផលិតផលកែច្នៃមានដូចជាសាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ ដោយគិតជាមធ្យមក្នុងមួយខែរោងចក្រអាចផលិតបាន ៥០០ ០០០ គ.ក្រ។ ដើម្បី រក្សាខ្សែច្រវាក់ផលិតកម្មពី A to Z ឲ្យមាននិរន្តរភាពចាំបាច់ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករសរុបចំនួន ២ ៧០០នាក់ ក្នុងនោះមានបុគ្គលិកពេទ្យសត្វមានចំនួន ២០០នាក់ ដែលជានិស្សិតបានបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យនានានៅទូទាំងប្រទេស។
ក្នុងគោលបំណងពង្រីកផលិតកម្មចិញ្ចឹមសត្វ ជាពិសេសដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក្រុមហ៊ុនបាននិងកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយគិតមកទល់ដើមឆ្នាំ២០២១ នេះក្រុមហ៊ុនមានដៃគូសហការចិញ្ចឹមជ្រូក និងមាន់ចំនួន ១ ៤០០គ្រួសារ នៅទូទាំងប្រទេស ហើយចំនួននេះសង្ឃឹមថានឹងមានការកើនឡើងជាបន្តបន្ទាប់ ក្រោយពេលវិបត្តជំងឺឆ្លងកូវីដ-១៩។ ម្យ៉ាងវិញទៀត តាមផែនការគ្រោងទុក ក្រុមហ៊ុននឹងបង្កើនផលិតភាពផលិតកម្មសត្វ និងចំណីឲ្យបានពី១៥% ទៅ ២០% ដើម្បីចូលរួមផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុកដែលចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងអាចធ្វើការនាំចេញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។