កម្ពុជា ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៥នាក់ទៀត មានករណីឆ្លងក្នុងសហគមន៍ ៣៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៥នាក់ទៀត ខណៈអ្នកជំងឺចំនួន ៣២នាក់បានជាសះស្បើយ។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ៣៥នាក់នោះ មាន២នាក់ ជាករណីនាំចូលពីក្រៅប្រទេស និង៣៣នាក់ ជាករណីឆ្លងក្នុងសហគមន៍ មានជនជាតិខ្មែរ ជនជសតិចិន និងជនជាតិវៀតណាម ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តសៀមរាប និង២នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។
ចំណែកករណីជាសះស្បើយទាំង ៣២នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ៣១នាក់ និងអ្នកមកពីក្រៅប្រទេស២នាក់ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានអនុញ្ញាតអោយចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ ៧៨៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩៩៩នាក់ កំពុងសម្រាកព្យាបាល ៧៨៣នាក់ ស្លាប់ដោយកូវីដ១៩ ៤នាក់ និង២នាក់ទៀត ស្លាប់ដោយសារជំងឺរើឡើង ក្នុងពេលព្យាបាលជំងឺកូវីដ១៩។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ គឺកើនឡើង ១ ២៦៦នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។