ស្ត្រី​ម្នាក់ រត់​ពី​ខេត្ត​ព្រះសីហនុ មក​សំងំ​លាក់ខ្លួន​ក្នុងផ្ទះ​នៅ​ខេត្ត​កែប មាន​ផ្ទុក​កូ​វីដ​១៩

​ខេត្ត​កែប​៖ រដ្ឋបាលខេត្ត​កែប បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ឱ្យដឹងថា តាម​លទ្ធផល​ដែល ប្រកាស​ដោយ​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា ខេត្ត​កែប​មាន​បុគ្គល​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​០១​នាក់ ឈ្មោះ ប៉ែន ហេង ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មានមុខ​របរ ជា​ជំនួយការ​ចុងភៅ​នៅកាស៊ី​ណូ ហ៊ួ​យ​ហ័​រ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​មកដល់​ខេត្ត​កែប ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១១:០០​នាទី​យប់ តាមរយៈ​មធ្យោបាយ​ម៉ូតូ​ផ្ទាល់ខ្លួន ដោយ​សំងំ​លាក់ខ្លួន​នៅផ្ទះ​។

​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ បានទទួល​ដំណឹង​វិលត្រឡប់​មកវិញ​របស់​បុគ្គល​រូបនេះ ក្រុម​ឆ្លើយតប​បន្ទាន់​បាន​ចុះទៅពិនិត្យ សួរនាំ​ធ្វើការ​វាយតម្លៃ​ហានិភ័យ និង​បាន​នាំយក​បុគ្គល​រូបនេះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្ត ព្រមទាំង​បាន​យក​សំណាក​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ទើប​ទទួលបាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ​។

​រដ្ឋបាលខេត្ត​កែប បានប្រកាស​ឲ្យ​បងប្អូន​ផ្សេងៗ​ទៀត ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​វិជ្ជមាន និង​មាន​រោគសញ្ញា ដូចជា​គ្រុនក្តៅ ក្អក កណ្តាស ឈឺបំពង់ក ពិបាក​ដកដង្ហើម សូម​ទំនាក់ទំនង​ក្រុមការងារ តាមរយៈ ទូរស័ព្ទ​លេខ ០១៦ ៣៣៤ ៣៣៣ ឬ​០១២ ៤៩៣ ៣១៤ ដើម្បី​ធ្វើតេស្ត​សំណាក​ឱ្យបាន​ឆាប់​បំផុត​។ ដោយ ឡែក ចំពោះ​អ្នក​ដែល​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​បុគ្គល​រូបនេះ សូម​តាមដាន​សុខភាព​របស់ខ្លួន និង​ត្រូវធ្វើ ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅផ្ទះ​ខ្លួនឯង សំដៅ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close