ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ទី៥ ដោយសារជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទីព្រឹក។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើនេះ ដោយមានអាការៈហត់ បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បន្ទាប់មក បានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ ការពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង (ដោយមានអាការហត់ ២-៣ ថ្ងៃ មុនចូលមកមន្ទីរពេទ្យនេះ ព្រមទាំងមានជំងឺធាត់កម្រិត១ផងដែរ) ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើម តែសួតគាត់កាន់តែខ្សោយទៅៗ ជាអកុសល មិនអាចជួយសង្គ្រោះបាន ហើយគាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ ទៅ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីវ័យ ៦២ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុក លឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក។
ក្រសួងសុខាភិបាល ក៏បានចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។