ម៉ូតូ​កង់​បី ព្រលះ​រថយន្តពីក្រោយ លើផ្លូវ​ជាតិ​លេខ​៤ ស្លាប់​ម្នាក់​នៅនឹងកន្លែង​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅលើ​ផ្លូវជាតិ​លេខ​៤ កាលពី​ម៉ោង​៥​ព្រឹក ទៀបភ្លឺ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ នៅក្នុង​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ​កង់​បី ១​គ្រឿង ពណ៌​ក្រហម ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ពីក្រោយ​រថយន្ត ១​គ្រឿង ម៉ាក​HINO ពណ៌​ស​-​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ 3E-8341 ដែល​ខូច​នៅលើ​ផ្លូវ ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​កង់​បី ស្លាប់​នៅនឹងកន្លែង​តែម្តង​។

​ជនរងគ្រោះ​ឈ្មោះ គឹម សំភាស់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្លូវលំ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ រីឯ​អ្នកបើកបរ​រថយន្ត ឈ្មោះ ភា ភាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​អំពិល ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។​

​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ ចំណែក​សាកសព​ជនរងគ្រោះ​រង់ចាំ​ប្រគល់ជូន​ក្រុមគ្រួសារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close