ឃាត់​មនុស្ស ២​នាក់ រឹបអូស​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព ៣​តោន នាំចូល​ពី​ប្រទេស​ថៃ

​ខេត្តបាត់ដំបង​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ចុះ​បង្ក្រាបបាន​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ចំនួន ៣​តោន ដែល​ឈ្មួញ នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​តាម​តំបន់​ព្រំដែន កាលពី​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​យោងតាម​របាយការណ៍ បានឱ្យដឹងថា ពោះវៀន​ជ្រូក​ខូចគុណភាព​នោះ ត្រូវបាន​ឈ្មូ​ញ​ដឹក​តាម​រថយន្ត​ម៉ាក​សាំ​យ៉ុង​១​គ្រឿង ចេញពី​ព្រំដែន បម្រុង​យកទៅលក់​ចែកចាយ​បន្ត​នៅលើ​ទីផ្សារ​នានា ក្នុងប្រទេស​កម្ពុជា​។​

​ក្នុង​ប្រតិបត្តិការ​នោះ កងរាជអាវុធហត្ថ​រឹបអូស បាន​រថយន្ត ១​គ្រឿង រួម​នឹង​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ចំនួន ៣​តោន និង​ឃាត់​មនុស្ស​ចំនួន ២​នាក់ គឺ​ឈ្មោះ ហម ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​ឈ្មោះ ឌី ធន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​គួរ​បញ្ជាក់ថា គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ទាំងនោះ ត្រូវបាន​ជំនាញ យកទៅ​កម្ទេចចោល កាលពី​ថ្ងៃទី​២២ ខែមីនា ម្សិល​ម​មិញ​។ ចំណែក​ជនសង្ស័យ បានធ្វើ​ការអប់រំ រួច​ឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close