មនុស្ស ៥៧៥នាក់ ស្លាប់និងបាត់ខ្លួន ក្រោយគ្រោះអគ្គិភ័យឆេះជំរុំជនភៀសខ្លួនធំបំផុត ក្នុងប្រទេសបង់ក្លាដែស
បង់ក្លាដែស៖ អង្គការសហប្រជាជាតិបានរាយការណ៍ឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ និង៤០០នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះបំផ្លាញទីជម្រករបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅឯទីតាំងជនភៀសខ្លួនដ៏ធំបំផុតនៅប្រទេសបង់ក្លាដែស ។
តំណាងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសបង់ក្លាដែស លោក Johannes Van der Klaauw បាននិយាយថា រហូតមកដល់ពេលនេះមានមនុស្សយ៉ាងណាស់១៥នាក់បានស្លាប់ ៥៦០នាក់រងរបួស និង៤០០នាក់ទៀតបាត់ខ្លួន ខណៈទីជម្រកចំនួនជាង១ម៉ឺនត្រូវបានបំផ្លាញទាំងស្រង់ ។
បើតាមក្រុមមន្ត្រីបង់ក្លាដែស អគ្គិភ័យប្រហែលចាប់ផ្ដើមឆាបឆេះចេញពីជំរំមួយក្នុងចំណោមជំរំ៣៤កន្លែង ដែលលាតសន្ធឹងលើផ្ទៃដី៣ពាន់២៣៧ហិកតា មុននឹងវា ឆេះរាលដាលទៅកាន់ជំរំបីផ្សេងទៀត ។ ប៉ុន្តែអាជ្ញាធរមិនទាន់អាចកំណត់ពីមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ ។
សូមជម្រាបថា ជនជាតិដើមភាគតិចកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ាជិតមួយលាននាក់ ក្នុងនោះមានភាគច្រើនរត់គេចពីការបង្ក្រាបរបស់យោធានៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ បច្ចុប្បន្នគឺកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន នៅឯស្រុក Cox’s Bazar ប្រទេសបង់ក្លាដែស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។