តើ​ចិន​បាន​ចាក់​វ៉ាក់សាំង ជូន​ពលរដ្ឋ​បាន​ប៉ុន្មាន​លាន​នាក់​ហើយ​?

​ចិន​គឺជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​កូ​វីដ​១៩ មុនគេ​បង្អស់ ហើយ​ប្រទេស​នេះ​ក៏បាន​រកឃើញ​វ៉ាក់សាំង​មុនគេ​ដែរ ប៉ុន្តែ​មកទល់ពេលនេះ​ចិន បាន​ចាក់​ជូន​ពលរដ្ឋ​របស់ខ្លួន​ប៉ុន្មាន​នាក់​ហើយ​។​

​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក បាន​ខិតខំ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ដើម្បី​យកឈ្នះ​លើ​កូ​វីដ​១៩ ហើយ​ភាគច្រើន​នៃ​ការចាក់​វ៉ាក់សាំង ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០២១ ដោយ​នៅក្នុង​ឆ្នាំ​២០២០ មានតែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំង​។ មកទល់ពេលនេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ច្រើនជាង «៨០.៤​លាន​ដូ​ស​» ត្រូវបាន​ចាក់​ជូន​ប្រជាជន​នៅ​ទូទាំងប្រទេស​ចិន គិត​ត្រឹម​ថ្ងៃទី​២២ ខែមីនា​។​

​យោងតាម​តួលេខ​ចុងក្រោយបង្អស់​ដែល​ចេញផ្សាយ​ដោយ​ក្រុមការងារ​ពិសេស​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន​ដើម្បី​ប្រយុទ្ធ​ប្រាំង​នឹង​ជំងឺ COVID-19 បាន​ឲ្យ​ដឹងថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ច្រើនជាង ៨០.៤​លាន​ដូ​ស​ហើយ ដែល​ត្រូវបាន​ផ្តល់ជូន​ប្រជាជន​ចិន​នៅ​ទូទាំងប្រទេស​គិត​ត្រឹម​ថ្ងៃទី​២២ ខែមីនា​។​

​ក្រុមការងារ​បាន​និយាយថា ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​បាន​កើន​ឡើងជា​លំដាប់​។ នៅ​ជំហាន​បន្ទាប់​ប្រទេស​ចិន​គ្រោង​នឹង​ព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ជាទូទៅ ដោយ​ពង្រីក​ការ​គ្របដណ្តប់​លើ​ប្រជាជន​ដែលមាន​ហានិភ័យ​ខ្ពស់ ដល់​ប្រជាជន​ទូទៅ​។​

​អាទិភាព​នឹងត្រូវ​ផ្តល់ជូន​ប្រជាជន​នៅក្នុង​វិស័យ​សំខាន់ៗ​រួមមាន​ដូចជា​វិស័យ​សុខាភិបាល ចរាចរណ៍ អប់រំ និង​នៅ​កន្លែងធ្វើការ​សំខាន់ៗ​ដូចជា​ផ្សារ​ទំនើប សហគ្រាស​ខ្នាត​ធំ និង​អគារ​ការិយាល័យ​ជាដើម​។​

​គួរ​បញ្ជាក់ថា ក្រុមការងារ​ដដែល​នេះ​បាន​គូស​បញ្ជាក់ទៀតថា ការចាក់​វ៉ាក់សាំង​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ពី ១.៥​លាន​ដូ​ស​ដល់ ៥​លាន​ដូ​ស​ក្នុង​មួយថ្ងៃ​កាលពី​ខែកុម្ភៈ ខណៈដែល​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​ផលិត​វ៉ាក់សាំង​នៅក្នុង​ប្រទេស​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close