អ្នកជំងឺ​កូ​វីដ​១៩​ស្លាប់ ២​នាក់​ទៀតហើយ មាន​ខ្មែរ​ម្នាក់ និង​ចិន​ម្នាក់​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ មាន​អ្នកជំងឺ​ចំនួន ២​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ គឺ​ម្នាក់​ជនជាតិខ្មែរ និង​ម្នាក់​ជនជាតិ​ចិន​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល និង​ក្រុមគ្រូពេទ្យ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នកស្លាប់​ទី​១ គឺ​ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោ​ធិ័​សែន​ជ័យ (​ជិត​ផ្សារ​សាមគ្គី​) ជា​ពិធីករ Freeland តាម​រោងការ មាន​ជំងឺ​ធាត់​កំរិត​១ និង​លើសឈាម​, ក្រុមគ្រូពេទ្យ​រកឃើញ​មាន​រលាក​សួត​ធ្ងន់ធ្ងរ​ទាំងសងខាង និង​មាន​ខ្សោយ​សួត​ខ្លាំង​។

​អ្នកស្លាប់​ទី​២ គឺ​ឈ្មោះ Wu Jiannan ជនជាតិ​ចិន ភេទ​ប្រុស ៤៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ក្រុមគ្រូពេទ្យ​រកឃើញ​អ្នកជំងឺ​មាន​រលាក​សួត​ធ្ងន់ធ្ងរ​ខ្លាំង​ទាំងសងខាង និង​ខ្សោយ​សួត​ខ្លាំង​រហូតដល់​ប្រើ​ម៉ាស៊ីន​ជំនួយ​។

​សូមជម្រាបថា រហូត​គិត​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នកជំងឺ​ចំនួន ៧​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close