កម្ពុជា ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​

​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​អភិរក្ស​ទំហំ ៧,៣​លាន​ហិកតា ឬ​ស្មើ​ប្រមាណ ៤១%​នៃ​ប្រទេស​កម្ពុជា​។ ដោយសារ​កត្តា​សុខសន្តិភាព និង​ការការពារ​និង​អភិរក្ស​មាន​ភាពប្រសើរ​ឡើង​ចំពោះ​តំបន់ការពារធម្មជាតិ កម្ពុជា​បាន​លក់​ឥណទាន​កាបូន ទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ចាប់ពី​ឆ្នាំ​២០១៦​មកដល់​ឆ្នាំ​២០២០ បាន​ទឹកប្រាក់​ចំនួន ១១,៦​លាន​ដុល្លារ​អាម៉េរិក​។

​រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​បាន និង​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុ​ជាមាន យក​ថវិកា​មក​បង្កើន​និង​ពង្រឹង​ការងារ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែលមាន​។ នេះ​គឺជា​មោទកភាព មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​នៅលើ​ពិភពលោក​។

​ថវិកា​ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ និង​ចូលរួម​អភិវឌ្ឍ​សហគមន៍​នៅ​មូលដ្ឋាន​ក្នុងនោះ​រួមមាន​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ផ្តល់​ជម្រើស​ថ្មី និង​កែប្រែ​ជីវភាព​សម្រាប់​ពួកគាត់ បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។

​សូមបញ្ជាក់ថា ការលក់​ឥណទាន​កាបូន​ចំនួន ២ គម្រោង​បានធ្វើ​ឡើង​នៅ ទី​១​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី និង​ទី​២ គម្រោង​រ៉េដ​បូក​ក្រវ៉ា​ញ​ខាងត្បូង​( ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ​) ហើយ​បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​និង​ដៃគូ​បាននិងកំពុង​រៀបចំ​នី​តិ​វិធី​លក់​ឥណទាន​កាបូន​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ថែមទៀត​។
​ក្រុមហ៊ុន​ធំៗ​ដែល​សម្រេច​ទិញ​ឥណទាន​កាបូន​ដោយ​ឈរលើ​មូលដ្ឋាន​ការវាយតម្លៃ​ពី​ទីភ្នាក់ងារ​ឯករាជ្យ ដែល​បញ្ជាក់ថា​កម្ពុ​ជាមាន​សមត្ថភាព​ការពារ​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ដែល​លក់​ឥណទាន​កាបូន​នោះបាន​ល្អប្រសើរ​ស្របតាម​លក្ខខណ្ឌ​កំណត់​។ ក្រុមហ៊ុន​ដែល​បាន​ទិញ​ឥណទាន ការ​បូ​ន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​មាន​ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci​។ រហូតមកដល់​ពេលនេះ មានតែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា មុននឹង​ទិញ​ឥណទាន កាបូន​នេះ មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការផលិត​កាបូន និង​យន្តការ​ផ្សេង ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដើម្បី​ធានា​ការពារ​និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូណ៌​ដោយ​ព្រៃឈើ សត្វព្រៃ​និង​ជីវៈចម្រុះ​ផ្សេងទៀត​។ ការសម្រេច​ទិញ​ឥណទាន​កា បូ​ន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា​គឺ​បាន​បង្ហាញថា​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​បាន​នូវ​ធន ធាន​ធម្មជាតិ​នៅក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវបាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​។ ​អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ថា​នឹង​អាច​លក់​ឥណទាន​កាបូន បាន​បន្ថែមទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។

​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ថែរក្សា​ឈើ​ឈរ​ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី តាមរយៈ​ការលក់ ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ហើយ​ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន​ត្រូវបាន​យកទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​តំបន់​នោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close