ឥណ្ឌា ពន្យាពេលចែកចាយវ៉ាក់សាំង AstraZeneca ទៅកាន់មជ្ឈមណ្ឌល COVAX
ឥណ្ឌា៖ ឥណ្ឌានឹងពន្យារពេលការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេណេកា ទៅកាន់មជ្ឈមណ្ឌល COVAX ដែលគាំទ្រដោយ GAVI/WHO សម្រាប់ខែមីនា និងខែមេសាខាងមុខ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់របស់អង្គការ UNICEF ដល់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
អង្គការ UNICEF បានបញ្ជាក់តាមសារអេឡិចត្រូនិច (email) ថា យើងយល់ថា ការផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រទេសមានប្រាក់ចំណូលទាប ដែលចូលរួមជាមួយ COVAX ទំនងជានឹងប្រឈមនូវការពន្យារពេល បន្ទាប់ពីការរាំងស្ទះក្នុងការទទួលបានអាជ្ញាប័ណ្ណធានានាំចេញ សម្រាប់វ៉ាក់សាំងបន្ថែមដែលត្រូវបានផលិតដោយវិទ្យាស្ថានឥណ្ឌា Serum Institute of India (SII) ដែលរំពឹងថា នឹងទទួលបាននៅខែមីនា និងខែមេសាខាងមុខ ខណៈ COVAX កំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ក្នុងគោលបំណងធានាការចែកចាយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា ឥណ្ឌាបានផ្អាកជាបណ្តោះអាសន្ន ចំពោះការនាំចេញវ៉ាក់សាំងអាស្ត្រាហ្សេណេកា ធំៗទាំងអស់ដែលផលិតដោយវិទ្យាស្ថានឥណ្ឌា (SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងឆ្លងរីករាលដាលខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។