រដ្ឋបាល​ក្រុងព្រះសីហនុ បញ្ជូន​បុរស​ម្នាក់ ទៅ​តុលាការ ករណី​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ គម្រាម​កាប់​លើ​អ្នករៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ

លោក អុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ខៀវ ប៊ុនធឿន ដើម្បីរៀបចំបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយបុរសរូបនេះបានប្រើដាវសាំម៉ូរ៉ៃ គំរាមកាប់សម្លាប់ក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

លោកថា ក្នុងពេលដែលអាជ្ញាធរក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់និងចុះណែនាំជូនប្រជាពលរដ្ឋដែលលក់ដូរគ្មានសណ្ដាប់ធ្នាប់ធ្វើឲ្យខូចសោភ័ណភាពក្រុង ពិសេសខូចបរិស្ថានក្នុងក្រុងព្រះសីហនុ បុរសរូបនេះបានចោទប្រកាន់អាជ្ញាធរក្រុងនិងសមត្ថកិច្ចអាជ្ញាធររដ្ឋបាលខេត្តថា ធ្វើបាបពលរដ្ឋក្រីក្រមិនឱ្យមានកន្លែងលក់ដូរ រហូតដល់ការជេរប្រមាថនិងប្រើដាវគំរាមប្រើហិង្សាមកលើសមត្ថកិច្ចបន្ថែមទៀត ទើបឈានដល់ការឃាត់ខ្លួន។

លោកអភិបាលក្រុងបញ្ជាក់ថា ករណីនេះជាការអនុវត្តវិធានការច្បាប់ មិនមែនធ្វើបាបពលរដ្ឋទេ និងស្នើសុំអោយពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុក្នុងការរក្សាសោភ័ណភាពសណ្តាប់ធ្នាប់សាធារណះទូទៅដើម្បីទីក្រុងស្អាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close