ក្រសួងកសិកម្ម បញ្ចប់​ការងារ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង ឆ្នាំ​២០២១

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង នៅ​ទូទាំងប្រទេស សម្រេច​ធ្វើការ​ស្ទូង និង​ព្រោះ​បាន​លើ​ផ្ទៃដី​ចំនួន ៦៤៩ ៥៣៩ ហ​.​ត ស្មើនឹង ១៤២,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហ​.​ត លើសពី​ឆ្នាំមុន ៥២ ០៣១​ហ​.​ត ។

​រីឯ​ការងារ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២១​នេះ សម្រេចបាន​ចំនួន ៤៨៦ ៦៤៦ ហ​.​ត ស្នើ​នឹង ៧៤,៩២% នៃ​ផ្ទៃដី​អនុវត្តបាន​សរុប​ចំនួន ៦៤៩ ៥៣៩ ហ​.​ត ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនេះ​ទទួលបាន​ទិន្នផល​ជា​មធ្យម​ប្រមាណ​ជា ៤,៤៧​តោន​/ ហ​.​ត​។​

​ដោយឡែក​ចំពោះ​៖
១) ដំណាំ​សាកវប្បកម្ម ដូចជា​ពោតស​, ដំឡូងជ្វា​, បន្លែ​គ្រប់មុខ​, ម្ទេស​, ឪឡឹក … អនុវត្តបាន​ចំនួន ៣៨ ១៧០ ហ​.​ត ស្មើនឹង ១០២,៣០% នៃ​ផែនការ ៣៧ ៣១២ ហ​.​ត លើស​ឆ្នាំមុន ៥៤៤ ហ​.​ត ។​
២) ដំណាំ​ឧស្សាហកម្ម ដូចជា ពោតក្រហម​, ដំឡូង​មី​, សណ្តែកបាយ​, សណ្តែកដី​, សណ្តែកសៀង​, ល្ង​, អំពៅ​, ក្រចៅ​, ថ្នាំជក់ និង​ឈូក អនុវត្តបាន​ចំនួន ៨៩ ៨៦៤ ហ​.​ត ស្មើនឹង ១០៥,៥៤% នៃ​ផែនការ ៨៤ ៧៧០ ហ​.​ត លើស​ឆ្នាំមុន ១០ ១៩០ ហ​.​ត ។​

​ជារួម ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវប្រាំង​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ នៅ​ទូទាំងប្រទេស​។ ទន្ទឹមនឹងនេះ ក្រសួង​បាន​បន្ត​ជំរុញ​ដល់​កសិករ​ឲ្យ​ត្រៀមលក្ខណៈ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​ដែល​នឹង​ចូលមក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ដូច​ជាការ​ពង្រាប​ដីស្រែ ការ​ភ្ជួរ​រាស់​ដី និង​ការត្រៀម​ពូជស្រូវ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close