អគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ក្នុង​ខេត្ត​ព្រះសីហនុ នឹង​បញ្ចប់​ការសាងសង់ នៅ​ចុងខែ​មីនា ឆ្នាំ​២០២១​នេះ​

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា អគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹងត្រូវ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅ​ចុងខែ​មីនា ឆ្នាំ​២០២១​នេះ​។

​ដោយឡែក​បរិក្ខារ​តេស្ត​វិភាគ​វីរុស​កូ​វីដ​-១៩ ជា​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​រៀបចំ​តម្លើង នៅក្នុង​ដើមខែ​មេសា ឆ្នាំ​២០២១ និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ចុងខែ​មេសា ឆ្នាំ​២០២១​នេះហើយ​។

​ជាមួយគ្នានេះ ភាគី​ចិន​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញ​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ក្នុងការ​តម្លើង​បរិក្ខារ​តេស្ត​វិភាគ​វីរុស​កូ​វីដ​-១៩ និង​បណ្ដុះបណ្ដាល​ជូន​ដល់​បុគ្គលិក សុខាភិបាល​ដែលមាន​ការពាក់ព័ន្ធ​។

​សូម​ជម្រាប​បន្ថែមទៀតថា នៅពេលដែល​ដាក់ឱ្យ​ដំណើរការ​មន្ទីរពិសោធន៍​វិ​ជ្ជ​សាស្ត្រ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ខេត្ត​ព្រះសីហនុ និង​បណ្តា​ខេត្ត​មួយចំនួន​ដែលមាន​ព្រំប្រទល់​ជិតគ្នា ក្នុងការ​បង្កើនល្បឿន​ធ្វើ​សំណាក​តេស្ត​រក​ជំងឺ​វីរុស​កូ​វីដ​-១៩ បា​ឆាប់រហ័ស ចំនេញ​ពេលវេលា និង​ថវិកា ព្រមទាំង​អាច​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​ប្រសិទ្ធភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close