កម្ពុជា ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់ ១.៥​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​យើង

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac) របស់​ចិន​ចំនួន ១.៥​លាន​ដូ​ស បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។ នេះ​គឺជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើន​ការចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។

​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ នា​ព្រឹក​មិញ​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភាគី​ចិន​តំណាង​ដោយ​ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួងសុខាភិបាល​ផងដែរ​។

​វ៉ាក់សាំង Sinovac ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac Biotech មានតម្លៃ​១០​ដុល្លារ​ក្នុង​១​ដូ​ស​។ វា​មាន​លក្ខខណ្ឌ​ប្រើប្រាស់ និង​ប្រសិទ្ធ​ភាពមិន​ខុសប្លែក​ពី​វ៉ាក់សាំង ស៉ី​ណូ​ហ្វា​ម (Sinopharm) នោះទេ ហើយ​ជីវិត​វ៉ាក់សាំង​ថ្មី​នេះ អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​៣៦​ខែ ប៉ុន្តែ​ក្រុមហ៊ុន​ណែនាំ​ឱ្យ​ចាក់​ក្នុង​រយៈពេល​៦​ខែ ដើម្បី​កាន់តែ​ទទួលបាន​ប្រសិទ្ធភាព​។​

​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Sinovac ប្រមាណ​៤​លាន​ដូ​ស​បន្ថែមទៀត ពី​ភាគី​ចិន ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​តាម​ផែនការ​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហូតដល់​ជាង ១០​លាន​នាក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ឡើងវិញ​។

​ដើម្បី​សម្រេច​ផែនការ​នេះ កម្ពុជា​បានដាក់​ចេញ​ផែនការ និង​កំពុង​ស្វះ​ស្វែងរក​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​តាមរយៈ​ប្រទេស​ជា​មិត្ត និង​តាមរយៈ​យន្តការ​ខូ​វ៉ា​ក់ (Covax)​។ ក្រៅពី​វ៉ាក់សាំង Sinovac ដែល​ទើប​មកដល់ ១.៥​លាន​ដូ​ស​នេះ តាម​ការគ្រោងទុក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm)​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៧០​ម៉ឺន​ដូ​ស​ទៀត (៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងការពារជាតិ និង​៤០​ម៉ឺន​ដូ​ស សម្រាប់​ក្រសួងសុខាភិបាល​) នឹង​មកដល់​កម្ពុជា នាពេល​ខាងមុខនេះ​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close