ហាង​កាហ្វេ ១​កន្លែង ក្នុង​ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ចុះ​ធ្វើ​ការអប់រំ ព្រោះ​មិន​អនុវត្ត​វិធានការ​គម្លាត

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចាត់​កម្លាំង​ចុះ​ពិនិត្យ​ហាង​កាហ្វេ លឹម ឆាយ ស្ថិតនៅ​ជិត​ស្ពាន​អាង​ក្រពើ​។ ក្រោយពី​ការពិនិត្យ​ឃើញថា ទីតាំង​នេះ មិនបាន​អនុវត្ត​វិធានការ​គម្លាត​ស្របតាម​ប្រការ​៤ នៃ​ប្រកា​សលេខ​៨១​ស​.​នក​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

​ជា​វិធានការ​ដំបូង គឺជា​ការព្រមាន​លើក​ទី​១ ដែល​ត្រូវធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ដល់​ដល់​ម្ចាស់​ទីតាំង​ហាង​កាហ្វេ​នេះ​ឲ្យ​អនុវត្ត​នូវ​វិធានការ​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។ ក្នុងករណី បន្ត​អនុវត្ត​បំពាន​នឹង​ច្បាប់ និង​អនុក្រឹត្យ​លេខ​៣៧​អនក្រ​.​បក ចុះ​ថ្ងៃ​ទិ​២២ ខែមីនា ឆ្នាំ​២០២១ ព្រមទាំង​ខ្លឹមសារ​នៃ​ប្រកា​សលេខ​៨១​ស​.​នក​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ នោះ​ម្ចាស់​ត្រូវ​រង​ការផ្តន្ទាទោស​ជាការ​ពិន័យ​អន្តរការណ៍​ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល​។ ដោយឡែក​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត ក៏ត្រូវ​ទទួល​ទណ្ឌកម្ម​ដូចគ្នា​ផងដែរ ដោយ​លើក​ទី​១ ដោយ​គ្រាន់តែ​ជាការ​ព្រមាន ហើយ​លើក​ទី​២ ត្រូវ​រង​ការផ្តន្ទាទោស​ជាការ​ពិន័យ​អន្តរការណ៍​ផងដែរ​។​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ទៀ សីហា ជា​ប្រធាន និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ណែនាំ​ឲ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ចុះ​ចាត់វិធានការ​អនុវត្ត​តាម​ខ្លឹមសារ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការពង្រឹង​ការចាត់វិធានការ​តឹងរ៉ឹង​បំផុត​ចំពោះ​ការឆ្លង​រាល​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close