ខេត្តចំនួន២ បង្កើនការនាំចេញស្រូវ ទៅកាន់ប្រទេសវៀតណាមបានជាង ១លានតោន គិតត្រឹមចុងខែមីនានេះ
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដោយពិនិត្យឃើញនូវបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធន់តូច និងមធ្យមកម្ពុជា សម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់កសិករ រោងម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធន់តូច និងមធ្យម ដើម្បីប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិតកម្ម និងកំលាំងពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាព។
ទន្ទឹមនឹងនេះ ក៏បានពិនិត្យឃើញថា ឥណទានដែលបានផ្តល់ជូនដល់ការកែឆ្នៃផលិតផលក្នុងស្រុកនៅមានកម្រិត បានធ្វើឲ្យសមត្ថភាពក្នុងការប្រមូលទិញស្តុក និងការកែឆ្នៃរបស់កម្ពុជា ពុំទាន់មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញកសិផលពីកសិករដែលផលិតបានដែលមានសន្ទុះកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះឡើយ ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុតដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាពរបស់កសិករនៅតាមជនបទ ។ ជាក់ស្តែង ការនាំចេញកសិផលទៅកាន់ប្រទេសវៀណាម តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត ។
យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានឲ្យដឹងថា៖ ខេត្តស្វាយរៀង បាននាំចេញកសិផលមានជាអាទិ៍ដូចជា៖ ស្រូវចម្រុះ ១១៧ ៨៨៣តោន ដំឡូងមីស្រស់ចំនួន ២ ២៧១តោន ផ្លែស្វាយកែវរមៀតស្រស់ ៣៦ ១៥៩តោន និងអំពៅស្ក ១៤៦ ០៤១តោន។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញបាននាំស្រូវចេញសរុបចំនួន ៧០៧ ៤៣១តោន និងស្វាយកែវរមៀតបានចំនួន ៨៩ ៣៤០ តោន។ ចំពោះមធ្យោបាយដឹក ជញ្ជូនឈ្មួញបានប្រើប្រាស់រថយន្តធន់ធ្ងន់ និងទូកមានចំណុះពី ៥០ ទៅ ១០០តោន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា លទ្ធផលនៃការនាំចញផលិតផលកសិកម្មតាមរយៈខេត្តទាំងពីរខាងលើ កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន ១ ១៤៦ ៨៤៤ តោន មកទល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។