ថ្ងៃនេះ កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១០៥នាក់ រីឯអ្នកជាសះស្បើយមាន ៤នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១០៥នាក់ និងមានអ្នកជាសះស្បើយចំនួន ៤នាក់។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ១០៥នាក់នោះ មានម្នាក់ ជាករណីនាំចូលពីក្រៅប្រទេស និង១០៤នាក់ ជាករណីឆ្លងក្នុងសហគមន៍ មានជនជាតិខ្មែរ និងជនជាតិចិន ដែលរកឃើញនៅរាជធានីភ្នំពេញ ៤៦នាក់ ខេត្តព្រះសីហនុ ៣៤នាក់ ខេត្តស្វាយរៀង ២០នាក់ ខេត្តព្រៃវែងម្នាក់ ខេត្តកំពង់ចាម ២នាក់ និងខេត្តត្បូងឃ្មុំម្នាក់។
ចំណែកករណីជាសះស្បើយទាំង ៤នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានអនុញ្ញាតអោយចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ ៣៧៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ១៧៦នាក់ កំពុងសម្រាកព្យាបាល ១ ០៨៧នាក់ ស្លាប់ ១១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។