អាមេរិក នឹង​ផ្អាក​ការធ្វើ​ពាណិជ្ជកម្ម​ទាំងអស់ ជាមួយ​មី​យ៉ាន់​ម៉ា រហូត​រដ្ឋាភិបាល​ជាប់ឆ្នោត​កាន់អំណាច​វិញ​

​អាមេរិក​៖ សហរដ្ឋអាមេរិក បាននិងកំពុង​រៀបចំ​ជាបន្ទាន់ ដើម្បី​ផ្អាក​រាល់​ការ​ទាក់ ទង​ទាំងអស់​ជាមួយ​មី​យ៉ាន់​ម៉ា ដែល​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ឆ្នាំ​២០១៣ រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ វិលត្រឡប់​មកកាន់​អំណាច​វិញ នេះ​បើតាម​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក លោកស្រី ខា​ធើ​រី​ន តៃ (Katherine Tai) ។​

​អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​រូបនេះ បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បានសម្លាប់​ក្រុមបាតុករ​អហិង្សា និស្សិត ពលករ និង​មេដឹកនាំ​កម្មករ រួមទាំង​កុមារ​ផងដែរ ដែល​ទង្វើ​នេះ​បានធ្វើ​មន​ត​ត់​ស្លុត​ដល់​សិ​ការ​របស់​សហគមន៍​អន្តរជាតិ ។

​លោកស្រី Tai ដែល​ចូលកាន់​តំណែង​កាលពី​ទី​១៨ ខែមីនា​មកនេះ​បាន​សង្កត់ធ្ងន់​ទៀតថា សកម្មភាព​ទាំងនេះ គឺជា​ការវាយលុក​ដោយ​ប្រយោល​ទៅលើ​ដំណើរការ​របស់​ប្រទេស ទៅរក​លទ្ធិប្រជាធិបតេយ្យ និង​ការខិតខំ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ដើម្បី​ទទួលបាន​អនាគត​ប្រកបដោយ​សន្តិភាព និង​វិបុលភាព ។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុននេះ​គឺជា​ថ្ងៃ​ដ៏​បង្ហូរឈាម​បំផុត​របស់​ក្រុមបាតុករ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ផ្ទុះ​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ ដោយមាន​មនុស្ស​ស្លាប់​រហូតដល់​១១៤​នាក់​ឯណោះ ។ ដោយឡែក​មនុស្ស​៥​នាក់​ត្រូវបាន​សម្លាប់​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅពេលដែល​ក្រុមអ្នកតវ៉ា​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​ម្តងទៀត ដើម្បី​សម្តែង​ការប្រឆាំង​នឹង​យោធា​ដែល​បាន​វិលត្រឡប់​មកកាន់​អំណាច​វិញ​បន្ទាប់​ពីមួយ​ទសវត្ស ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close