រដ្ឋបាលខេត្ត​កំពង់ចាម បន្ដ​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ លើ​ស្ដ្រី ២​នាក់​ទៀត ក្នុងស្រុក​ស្ទឹងត្រង់​

​ខេត្តកំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​លទ្ធផល​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ លើ​ស្ដ្រី ២​នាក់​បន្ថែមទៀត នៅ​ភូមិ​អូរ​រុន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់​។​

​រដ្ឋបាលខេត្ត​កំពង់ចាម បាន​បញ្ជាក់ថា លទ្ធផល​វិជ្ជមាន​លើ​ស្ដ្រី​ទាំង ២​នាក់ គឺ​ទី​១.​ឈ្មោះ ស្រ៉ី សុខ​លាង អាយុ​៥៥​ឆ្នាំ និង​ទី​២.​ឈ្មោះ ស៊ន ហេង អាយុ​៧៥​ឆ្នាំ​, អ្នក​ទាំង​២ បាន​ប៉ះពាល់​ជាមួយ​ស្ដ្រី​អាយុ​៧៥​ឆ្នាំ ឈ្មោះ អាង សុខា ដែល​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ​។

​មន្ដ្រី​សុខាភិបាល ក៏បាន​បន្ដ​រកឃើញ​មនុស្ស​ចំនួន​៤​នាក់​ផ្សេងទៀត​ផងដែរ ដែល​បាន​ប៉ះពាល់​អ្នក​ទាំងពីរ​។ ជាមួយគ្នានេះ រដ្ឋបាល​ខេត្ដ អំពាវនាវ​ដល់​សាធារណជន ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​រុន ឃុំ​ខ្ពប​តា​ងួន ឬ​ភូមិ​ដ៏ទៃទៀត ដែល​នៅជាប់​ឃុំ​ខ្ពប​តា​ងួន ដែល​បាន​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​ទាំងពីរ​ខាងលើ ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី​១៤ ខែមីនា រហូតដល់​ថ្ងៃនេះ សូម​រួសរាន់​ទៅពិនិត្យ​សុខភាព ឬ​យក​សំណាក​នៅ​មន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្ទឹងត្រង់ ឬ​ទីតាំង​ដែល​មន្ដ្រី​សុខាភិបាល បានរៀបចំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close