ព្យុះសុងទីញ ជះឥទ្ធិពលមកលើប្រទេសកម្ពុជា បណ្តាលឲ្យផ្ទៃមេឃអាប់អួរ និងភ្លៀងខ្លាំង
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ កក្កដា នេះ ព្យុះទី៩ ឈ្មោះ សុងទីញ (SON-TINH) បានកំពុងស្ថិតនៅភាគខាងកើតកោះហៃណាំ ហើយព្យុះនេះនឹងធ្វើដំណើរកាត់កោះហៃណាំ រួចទៅដល់ឆ្នេរតុងកឹង (ប្រទេសវៀណាម) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមការព្យាករ ឥទ្ធិពលរបស់ព្យុះនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្តាខេត្តដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
នៅលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ជោគជាំ លាយឡំនឹងខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ស្នើបងប្អូនប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបជាប់ផ្លូវទឹកនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។