មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្ត្រី ក្នុងតួនាទី​ការពារ និង​ថែរក្សា​មរតក​ធម្មជាតិ​កម្ពុជា

​និយាយ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស គេ​តែង​សំដៅ​ទៅដល់​បុរស​ភាគច្រើន ព្រោះ​ការងារ​បំពេញភារកិច្ច​ឈរជើង​ល្បាត​ព្រៃ គឺ​មិន​ងាយស្រួល​នោះទេ​។ នៅ​កម្ពុជា ក្នុងចំណោម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​ជាង ១២០០​នាក់​នៅ​ទូទាំងប្រទេស មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ស្ត្រី​ចំនួន ៤២​នាក់ កំពុង​ឈរជើង​នៅតាម​តំបន់ការពារធម្មជាតិ​ទាំង ២០ ខេត្ត​ជាមួយនឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​បុរស​។

​ទោះបីជា​ការងារ​ជា​ឧ​ទ្យា​នុ​រក្ស​មានការ​លំបាក និង​ប្រឈម​នឹង​គ្រោះថ្នាក់ ក៏ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​បុរស និង​ស្ត្រី ត្រូវបាន​ដាក់ពង្រាយ​ជាប់​ជាប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ ដើម្បី​បំពេញ​តួនាទី​ជា​ឆ្នាំ​ព្រៃ​ការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ ដោយបាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុង​បុព្វហេតុ​ការពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ដែលជា​ប្រព​ន្ធ័​ជីវៈចម្រុះ​ដ៏​មានតម្លៃ​របស់​កម្ពុជា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​លះបង់​ពេលវេលា​ជាមួយ​ក្រុមគ្រួសារ លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​និង​បញ្ញា​ដើរល្បាត​ទាំងយប់ ទាំង​ថ្ងៃ​ក្រោម​អាកាសធាតុ​ក្តៅ ភ្លៀង ផ្គរ​រន្ទះ​ដោយ​មិន​ខ្លាច​នឿយហត់​នៅតាម​ព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលង​ដងអូរ​នានា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង​ប្រឈម​នឹង​គ្រោះថ្នាក់​ជាច្រើន រាប់​តាំងពី​ជំងឺ​ដ​ង្កា​ត់​ដែល​ឆ្លង​ក្នុងព្រៃ វង្វេងព្រៃ​ដាច់បាយ​ក៏មាន ហើយ​ជួនកាល​ប្រឈម​នឹង​ជនល្មើស​រហូតដល់​មានការ​តតាំង​ដាក់គ្នា​ជាដើម​។

​ទាំងនេះ​គឺជា​វីរៈភាព និង​ការលះបង់​ដ៏​មានតម្លៃ​បំផុត ដែល​មិនអាច​កាត់ថ្លៃ​បាន​។ អ្វីដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង​កំពុង​ធ្វើ​នៅពេលនេះ គឺ​មិនមែន​គ្រាន់តែ​ធ្វើ​ក្នុងនាម​តែ​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​ត្រូវបំពេញ​ជា​តួនាទី​ទៅតាម​ឯកសណ្ឋាន​ប៉ុណ្ណោះ​ទេ តែ​ពួកគាត់​ធ្វើ​ក្នុងនាម​ជា​ឪពុក ម្តាយ ដែល​កំពុងតែ​ថេរ​ក្សា និង​ការពារ​នូវ​មរតក​ធនធានធម្មជាតិ​ដ៏​សម្បូណ៌​បែប​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​អាស្រ័យ​ផល​ដោយ​មិនចេះ​រីងស្ងួត​រាប់​ជំនាន់​ត​ទៅមុខទៀត​។

​ក្រសួងបរិស្ថាន​ពិតជា​មាន​មោទកភាព​ដែល​កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែលមាន​ភាព​អង់អាច​ក្លាហាន មាន​មនសិការ​ជាតិ​ខ្ពស់​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​ដែល​កម្ពុ​ជាមាន​សម្រាប់​ម​នុស្ស​រាប់​ជំនាន់​ទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close