ត្រីមាសទី១ ឆ្នាំ២០២១ សហគមន៍អាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលជាង ៦០០ករណី
ខេត្តសៀមរាប៖ លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦១៦សំណើ។
ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួកបានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន១២០ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៧ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន១៨សំណើ សរុបចំនួន៦១៦សំណើ។
ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភថវិកាដល់ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន ចូលរួមក្នុងកិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ។
ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាព ទាន់ពេលវេលា។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។