មនុស្ស​ស្លាប់ កើន​ដល់ ៥២០​នាក់​ហើយ ក្នុងការ​បង្ក្រាប​ដ៏​បង្ហូរឈាម​របស់​យោធា​មី​យ៉ាន់​ម៉ា

​មី​យ៉ាន់​ម៉ា​៖ ការស្លាប់​របស់​ជន​ស៊ីវិល​ក្នុងការ​បង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុមបាតុករ​នោះ បាន​កើន​ឡើងដល់​៥២១០​នាក់​ហើយ ខណៈដែល​ក្រុម​ឧទ្ទាម​ប្រដាប់​ដោយ​អាវុធ​ភាគតិច​នៅ​ថ្ងៃ​អង្គារ​នេះ បាន​គំរាម​វាយប្រហារ​រដ្ឋាភិបាលយោធា ប្រសិនបើ​មិន​បញ្ឈប់​សកម្មភាព​ដ៏​សាហាវ​នេះ ។​

​សមាគម​ជំនួយ​អ្នកទោសនយោបាយ (AAPP) បាន​និយាយថា សរុប​ជន​ស៊ីវិល​ដែល​ត្រូវបាន​សម្លាប់​គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ មាន​ចំនួន​៥២១​នាក់ ប៉ុន្តែ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត ដោយសារ​នៅមាន​អ្នករបួសធ្ងន់​ជាច្រើន ។
​ជាមួយគ្នានេះ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​រាប់ពាន់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ និង​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​។ ជុំវិញ​បញ្ហា​នេះដែរ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បដិសេធថា កម្លាំង​សន្តិសុខ​ប្រទេស​របស់លោក បាន​បញ្ជូន​ជនភៀសខ្លួន​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ដែល​បាន​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​យោធា​មី​យ៉ាន់​ម៉ា ។

​លោក ប្រា​យុទ្ធ បន្ថែមថា រដ្ឋាភិបាល​របស់លោក​បាន​ត្រៀម​ជំរំ​រួចរាល់​ហើយ សម្រាប់​ដាក់​ជនភៀសខ្លួន​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បើតាម​អាជ្ញាធរ​ថៃ​នោះ ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ប្រមាណ​៣​ពាន់​នាក់​បាន​ឆ្លងដែន​ចូល​ទឹកដី​ថៃ​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុននេះ ។ ដោយឡែក​សារព័ត៌មាន​មី​យ៉ាន់​ម៉ា អ៊ី​រ៉ា​វ៉ា​ឌី បាន​ផ្សាយ​ថា ជនជាតិភាគតិច​ខា​រិ​ន​ជាង​១​ម៉ឺន​នាក់​បាន​រត់ចោល​ផ្ទះសម្បែង​របស់ខ្លួន​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​យោធា​នៅ​ស្រុក ផា​ពុន ក្នុង​រដ្ឋ​ខា​រិ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close